ព័ត៌មានជាតិ

ធនាគារ ARDB រៀបចំកិច្ចប្រជុំ បូកសរុបការងារប្រចាំឆ្នាំ២០២៣ ជាមួយលទ្ធផលមានការកើនឡើង

ភ្នំពេញ៖ ធនាគារ ARDB នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ បានរៀបចំកិច្ចប្រជុំ បូកសរុបការងារប្រចាំឆ្នាំ២០២៣របស់ខ្លួន ជាមួយលទ្ធផលមានការកើនឡើង ជាងឆ្នាំមុន និងសម្រេចបានលទ្ធផលការងារច្រើន បើទោះបីមានបញ្ហាជំងឺកូវីដ-១៩ ។ 

លោក ចាន់ សីហា អគ្គនាយករង នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារARDB បានលើកឡេីង នាឱកាសបើកកម្មវិធីថា ដើម្បីគាំទ្រដល់គោលនយោបាយ របស់រដ្ឋាភិបាល គាំទ្របម្រែបម្រួលអាកាសធាតុ និងជំរុញដល់ការគាំទ្រ ដល់គម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត និងការជំរុញហិរញ្ញប្បទានបៃតង ដើម្បីអភិវឌ្ឍន៍ដោយចីរភាព និងទាញចំណាប់អារម្មណ៍របស់បុគ្គលិកសម្រាប់ការរៀបចំផែនការ ការងាររបស់ខ្លួនឱ្យស្របតាមបរិបទថ្មី។

នាពេលបិទកិច្ចប្រជុំ លោកបណ្ឌិត កៅ ថាច បានថ្លែងថា រយៈពេល ២៥ឆ្នាំនេះ ធនាគារមានការវិវត្តច្រើន បើធៀបនឹងឆ្នាំកន្លងទៅ។ ជាក់ស្ដែងកាលពីដំបូងឡើយ មានបុគ្គលិកតិច រហូតមកដល់បច្ចុប្បន្ន មានបុគ្គលិកច្រើន។ ការវិវត្តនេះ គឺបង្ហាញពីការខិតខំប្រឹងប្រែង របស់គ្រួសារ ARDB របស់ពួកយើងទាំងអស់គ្នា។

លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍៖ នៅឆ្នាំ២០២៣នេះ លទ្ធផលការមានការកើនឡើង ជាងឆ្នាំមុន និងសម្រេចបាន លទ្ធផលការងារច្រើន បើទោះបីមានបញ្ហាជំងឺកូវីដ-១៩។ ខ្ញុំសូមកោតសរសើរ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងបុគ្គលិក ARDB ទាំងអស់ ដែលតែងតែខិតខំបំពេញការងារប្រកបដោយវិជ្ជាជីវៈរបស់ខ្លួន ទទួលបានលទ្ធផលគួរជាទីមោទនៈ តាមផែនការអាជីវកម្ម ៣ឆ្នាំរំកិល។

ជាមួយគ្នានេះ លោកបណ្ឌិត សង្ឃឹមយ៉ាងមុតមាំដល់បុគ្គលិកដែលបានចូលរួម កិច្ចប្រជុំទាំងអស់ នឹងបន្តរៀបចំផែនការ និងយុទ្ធសាស្រ្តបន្ថែមទៀត ដើម្បីជំរុញឱ្យសម្រេចបាន នូវផែនការការងាររបស់ខ្លួន និងធនាគារទាំងមូល សំដៅចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ។ 

សូមបញ្ជាក់ថា លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, អគ្គនាយករង, និងសហការីក្រុមគ្រួសារធនាគារ ARDB ទាំងអស់សរុបចំនួន ២៤៨នាក់ បានចូលរួមកិច្ចប្រជុំបូកសរុបការងារ ប្រចាំឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១២ ធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារហ្គាឌិនស៊ីធី៕

To Top