ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងជាអនុប្រធានសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានទទួលជួបពិភាក្សាការងារជាមួយ លោក ជុង អ៊ី យ៉ុង (Chung Eui-hyong) ប្រធាន ICAPP និងជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េ នៅវិមានរដ្ឋសភា នារសៀលថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជាជាមួយ ICAPP ឱ្យកាន់តែសកម្មនិងស៊ីជម្រៅបន្ថែម ដើម្បីចូលរួមលើកកម្ពស់សន្តិភាព ស្ថិរភាព ក៏ដូចជា ការពង្រីកសកម្មភាពមនុស្សធម៌ ជូនពលរដ្ឋនៅកម្ពុជា និងនៅក្នុងតំបន់។
សម្តេច ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា វត្តមាននិងសេចក្តីថ្លែងការណ៍របស់អង្គការ ICAPP អំពីការពិតនៃទិដ្ឋភាពជាក់ស្តែងក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺពិតជាបានចូលរួមចំណែកក្នុងការការពារធម្មានុរូប និងអធិបតេយ្យភាពនៃការបោះឆ្នោតរបស់កម្ពុជា។
សម្តេច ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មក្នុងការលើកកម្ពស់សន្តិភាព និងមនុស្សធម៌របស់ ICAPP នាពេលកន្លង ដោយសម្រេចបានបាននូវសមិទ្ធផលជាច្រើន រាប់មិនអស់ដូចជាការសម្រេចបាននូវភាពជាដៃគូជាមួយអង្គការ UNESCO ភាពជាដៃគូជាមួយគណបក្សនយោបាយនៅអាហ្វ្រិក (CAPP) អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល (CAPDI) និងអង្គការជាដៃគូរជាច្រើនផ្សេងទៀត។
សម្តេច បានស្នើដល់ ICAPP ធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយវេទិកាអន្តរសភាផ្សេងៗទៀត មានដូចជា AIPA, APPF, APF ដោយយកពលរដ្ឋជាស្នូល ពីព្រោះថានៅក្នុងកាលៈទេសៈ ដែលសកលលោកទើបងើបពីវិបត្តិកូវីដ១៩ ហើយស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ការប្រទាញប្រទុងភូមិសាស្រ្តនយោបាយ រួមផ្សំនឹងការប្រែប្រួសអាកាសធាតុ ការរាតត្បាតជំងឺនានាផងនោះ ការពង្រឹងភាពជាដៃ កិច្ចសហប្រតិបត្តិការគ្នា ឱ្យកាន់តែច្រើននិងស្និទ្ធស្នាល នឹងចូលរួមចំណែកដល់ការកសាងសេចក្តីសុខ សុវត្ថិភាព ស្ថិរភាពសង្គម ដល់ប្រជាពលរដ្ឋ។
លោក ជុង អ៊ីយ៉ុង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំ និងភាពជោគជ័យនៃការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់កម្ពុជា ដែលមានភាពសេរី និងយុត្តិធម៌ និងការផ្ទេរអំណាចតាមការបោះឆ្នោតប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រកបដោយសន្តិភាពបង្ហាញពីភាពចាស់ទុំផ្នែកនយោបាយនៅកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ របស់សម្តេចតេជោ ហ៊ុន សែន៕