ព័ត៌មានជាតិ

កងទ័ពមួកខៀវកម្ពុជា៧៣នាក់ ទៀត ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រ UN នៅស៊ូដង់ខាងត្បូង

" "

ភ្នំពេញ៖ នាវេលាម៉ោង១យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ កងអនុសេនាធំអាវុធហត្ថលេខ២៧៨ ចំនួន៧៣នាក់ ក្នុងនោះមាននារី ៣៤នាក់ បានចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។

នេះជាកងទី១២ហើយដែលធ្វើយុទ្ធដំណើរប្តូរវេន ទៅកាន់សាធារណរដ្ឋស៊ូដង់ខាងត្បូង បន្ទាប់ពីកងទី១១ បានមកដល់មាតុភូមិវិញ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

" "

ថ្លែងក្នុងឱកាសអញ្ជើញជូនដំណើរកងទ័ពមួកខៀវនាឱកាសនោះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានផ្តាំផ្ញើពាក្យពេចន៍លើកទឹកចិត្ត ដល់កងកម្លាំងមួកខៀវកម្ពុជា ខិតខំប្រឹងប្រែងបំពេញភារកិច្ចឲ្យដូចរាមច្បងមុនៗ ដែលធ្លាប់បានសម្រេចបាននូវស្នាដៃដ៏ល្អប្រសើរ ប្រកបដោយកិត្តិយសជូនជាតិ។

" "

លោកនាយឧត្តមសេនីយ៍បន្ថែមថា កម្លាំងទាំងអស់ត្រូវយកបទពិសោធន៍ និងប្រពៃណីដ៏ល្អផូរផង់ទាំងនោះ មកប្រតិបត្តិឲ្យបានត្រឹមត្រូវ ពិសេសត្រូវគោរព ប្រតិបត្តិលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទម៉ឺងម៉ាត់ រួមផ្សំនឹងបទដ្ឋាន អន្តរជាតិនានា ដែលអស់លោកបានទទួលការហ្វឹកហ្វឺនរៀនសូត្រឲ្យបានល្អ ព្រោះ ប្រការទាំងអស់នេះចាត់ទុកថា អស់លោកបានបំពេញគ្រប់លក្ខណៈសម្បត្តិ មានសមត្ថភាពសម្រាប់សម្រេចភារកិច្ចរបស់ខ្លួន ៕

To Top