ភ្នំពេញ៖ រដ្ឋាភិបាលបារាំង សន្យានឹងបន្ថែមកិច្ចសហប្រតិបត្តិការ ដើម្បីរៀបចំវគ្គសិក្សា ដល់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឱ្យក្លាយជាវិទ្យាស្ថានបណ្តុះបណ្តាលគំរូក្នុងតំបន់ និងអាស៊ាន។
នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ឯក COLCOMBET Régis នាយកនៃនាយកដ្ឋានសហប្រតិបត្តិការ សន្តិសុខ និងការពារជាតិ ក្រសួងកិច្ចការអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង ក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ បារាំង បានផ្តល់ការបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស លើផ្នែករក្សាសន្តិភាព នាយទាហានសេនាធិការ សង្កេតការណ៍យោធា ។ មកដល់ពេលនេះបានចំនួន ៨៤វគ្គ ហើយសិក្ខាកាមទាំងអស់សុទ្ធតែ បានចេញបំពេញបេសកកម្ម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ។
នាយឧត្តមសេនីយ៍បន្ថែមថា ក្រោមកិច្ចខិតប្រឹងប្រែងសហការគ្នា ជាមួយទីប្រឹក្សាបារាំងប្រចាំមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព យើងកំពុងរៀបចំយុទ្ធសាសន៍បង្កើនថ្នាក់ សិក្សាភាសាបារាំងឱ្យបានច្រើន ដើម្បីជំរុញសិក្ខាកាមពេលរៀនចប់ ទៅកាន់តំបន់បេសកកម្ម។
ទន្ទឹមនោះនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានសំណូមពរដល់ភាគីបារាំង បន្តជួយជ្រោមជ្រែងដល់កងយោធពលខេមរភូមិន្ទ ជាពិសេសផ្នែកបណ្តុះបណ្តាលធនធានមនុស្ស និងបង្កើនកម្រិតវគ្គហ្វឹកហ្វឺនជាលក្ខណៈត្រីភាគីផងដែរ។ ជាមួយគ្នានោះ លោកក៏ស្នើដល់ភាគីបារាំងផ្តល់សម្ភារៈសិក្សា ដើម្បីបំពាក់នៅអាគារសិក្សាថ្មី ដែលនឹងបញ្ចប់ការសាងសង់ នាពេលខាងមុខនេះ។
ជាការឆ្លើយតបនាយឧត្តមសេនីយ៍ឯក COLCOMBET Régis បានទទួលយកសំណើររបស់ នាយឧត្តមសេនីយ៍ សែម សុវណ្ណនីដោយរីករាយ និងលើកឡើងថា «បារាំងនឹងបន្ថែមកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីរៀបចំវគ្គសិក្សាដល់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឱ្យក្លាយជាវិទ្យាស្ថានបណ្តុះបណ្តាលគំរូ ក្នុងតំបន់និងអាស៊ាន» ។
នាយឧត្តមសេនីយ៍ COLCOMBET Régis ក៏បានសំណូមពរដល់កម្ពុជា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្តទៀត ដើម្បីពង្រឹកទំនាក់ទំនង រវាងប្រទេសទាំងពីរឱ្យកាន់ល្អប្រសើរបន្ថែមទៀត ៕