ព័ត៌មានជាតិ

CMAC ទទួលជំនួយជិត ៤សែនដុល្លារ លើគម្រោងសមាហរណកម្ម កណ្តុរហិតរកមីន ពីអង្គការ APOPO

ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក CMAC និងលោក Michael Raine ប្រធានអង្គការ APOPO ប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាង អង្គការ APOPO និង CMAC លើគម្រោងសមាហរណកម្មកណ្តុរហិតរកមីន និងសុនខស្រាវជ្រាវបច្ចេកទេស មានថវិកាជំនួយចំនួន៣៨៧,១៦៧ ដុល្លារដែលនឹងចាប់ផ្តើមអនុវត្តគម្រោងចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤។

គម្រោងនេះ មានផែនការបោសសម្អាតផ្ទៃដីសរុបចំនួន៩៨,០០០,០០០ ម៉ែត្រក្រឡាក្នុងខេត្តសៀមរាប ព្រះវិហារ និងខេត្តមណ្ឌលគីរី។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា នាថ្ងៃទី១៣ ធ្នូ បានឲ្យដឹងថា អង្គភាព CMAC និងអង្គការ APOPO បានសហប្រតិបត្តិការជាដៃគូជាមួយគ្នាជិត១០ឆ្នាំ មកហើយលើកណ្តុតហិតមីននេះ។ ក្នុងរយៈពេល ១០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការនេះ អង្គភាពCMAC បានធ្វើបោសសម្អាតផ្ទៃដីបានចំនួនជាង៣០០០ហិកតា និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួនប្រមាណជាង ៥១.០០០គ្រាប់។

បន្ថែមពីលើកិច្ចសហប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា អង្គភាពCMAC និងអង្គការ APOPO ក៏បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូដទៃទៀត តាមរយៈការបញ្ចូនសុនខហិតមីន របស់អង្គភាព CMAC ទៅប្រទេសទួកគី និងបណ្តាប្រទេសនៅអាហ្វ្រិចកណ្តាលជាដើម ជាពិសេសក៏បានសម្របសម្រួល និងគាំទ្រក្នុងការបញ្ជូនកម្លាំងជំនាញអង្គភាព CMAC ទៅបណ្តាប្រទេសទាំងអស់នោះ ដើម្បីផ្តល់ការហ្វឹកហ្វឺនជំនាញសុនខស្រាវជ្រាវបច្ចេកទេស ហើយក៏មានមន្រ្តីផ្នែកយុទ្ធភណ្ឌមិនទាន់ផ្ទុះបណ្តាប្រទេសទាំងនោះ មកហ្វឹកហ្វឺនជំនាញបោសសម្អាតមីននៅអង្គភាព CMAC តាមរយៈអង្គការ APOPO ផងដែរ៕

To Top