ព័ត៌មានជាតិ

មន្ត្រីជំនាញ រកឃើញសាធាតុគីមី ហាមឃាត់មួយចំនួន នៅទីតាំងកែច្នៃ និងចែកចាយខ្ញីហាន់១កន្លែង ក្នុងខណ្ឌដង្កោ

ភ្នំពេញ ៖ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយមន្ត្រីបច្ចេកទេស នាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យទីតាំងកែឆ្នៃនិងចែកចាយខ្ញីហាន់ ១ទីតាំងស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងគោលបំណងការពារសុខភាពប្រជាពលរដ្ឋ ស្របតាមតួនាទីនិងភារកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. ក្រែងម្ចាស់ទីតាំងមានដាក់លាយសារធាតុគីមីហាមឃាត់ ណាមួយក្នុងខ្ញីទាំងនោះ ។

យោងតាមលទ្ធផលដែលទទួលបានពីក្រុមមន្ត្រីជំនាញ បានរកឃើញ ខ្ញីដុំមិនទាន់ហាន់ចំនួន ៩៤០គីឡូក្រាម ខ្ញីហាន់រួចដែលមានលាយសារធាតុ Sodium Hydrosulfite ចំនួន ២០គីឡូក្រាម និងមើមខ្ញីត្រាំចំនួន ៦០គីឡូក្រាម រួមទាំងសារធាតុ Sodium Hydrosulfite ចំនួន ៣.៨គីឡូក្រាមផងដែរ ដូចនេះមន្ត្រីជំនាញបានសម្រេច ចាត់វិធានការបន្តតាមនីតិវិធីភ្លាមៗ។

សូមបញ្ជាក់ថា សារធាតុ Sodium Hydrosulfite ជាប្រភេទសារធាតុគីមីហាមឃាត់ និងមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារទេ ដែលការទទួលទាននូវសារធាតុនេះ អាចបណ្តាលឲ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាគរូស ឬគ្រោះថ្នាក់ដល់ជីវិតផ្សេងៗទៀតផង ៕

To Top