ភ្នំពេញ៖ នៅឆ្នាំ២០២៣នេះ ត្រូវជាឆ្នាំខួប ២៥ឆ្នាំ នៃការកកើតឡើង នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB ដែលមានលោកបណ្ឌិត កៅ ថាច ជាអគ្គនាយក និងបានរៀបចំពិធីអបអរសាទរខួប ២៥ឆ្នាំ នៅសណ្ឋាគារហ្គាឌិនស៊ីធី កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអញ្ចើញចូលរួម ជាអធិបតីពី លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់, លោកបណ្ឌិតសភារ្យទេសរដ្ឋមន្រ្តី អ៊ុក រាប៊ុន, លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា, លោកស្រី សោម គីមសួរ ព្រមទាំង លោកលោកស្រីក្រុមប្រឹក្សាភិបាល, អគ្គនាយករង,និងសហការីក្រុមគ្រួសារធនាគារ ARDB ប្រមាណចំនួន ៥០០នាក់។
ក្នុងឱកាសចូលរួមអបអរខួប ២៥ឆ្នាំរបស់ធនាគារ ARDB លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមន្នីរ័ត្ន បានមានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានអាយុ ២៥ឆ្នាំហើយ ដែលបាននិងកំពុងបន្តកសាង នូវសមិទ្ធផលជាច្រើន ដោយបានបំពេញតួនាទីដំបូង ជាធនាគារបោះដុំ ហើយបច្ចុប្បន្ន ត្រូវបានប្រែក្លាយ ជាធនាគារពាណិជ្ជ ដែលបម្រើគោលនយោបាយ របស់រាជរដ្ឋាភិបាល។ ជាពិសេស បានចូលរួមអនុវត្តគោលនយោបាយ អាទិភាពរបស់រាជរដ្ឋាភិបាល ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ ដែលត្រូវបានដាក់ចេញ ដោយរាជរដ្ឋាភិបាល, នីតិកាលទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ប៉ិនប្រសប់,ស្វាហាប់ និង ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសក៍វ័យក្មេងដ៏ឆ្នើម, ពោរពេញដោយសមត្ថភាព, ចំណេះដឹង និងថាមពល។
នៅក្នុងឱកាសនោះដែរ ធនាគារARDB បានដាក់សម្ពោធជាផ្លូវការ នូវសៀវភៅសមិទ្ធផល ខួប25ឆ្នាំ របស់ARDB ក្រោមអធិបតីភាព លោកបណ្ឌិតសភារ្យ អូន ព័ន្ធមុន្នីរ័ត្ន។ ការអបអរសាទរ គម្រប់ខួប 25ឆ្នាំរបស់ធនាគារARDB ប្រព្រឹត្តិណ៍ទៅ ប្រកបដោយបរិយាកាសសប្បាយរីករាយ៕