ព័ត៌មានជាតិ

ប្រធានគ.ជ.ប ប្ដេជ្ញាបន្តបេសកកម្ម រៀបចំ និងគ្រប់គ្រងការបោះឆ្នោត អសកលចំនួន២ ក្នុងឆ្នាំ២០២៤ ឲ្យប្រព្រឹត្តទៅដោយរលូន

ភ្នំពេញ ៖ បន្ទាប់ពីរដ្ឋសភាពបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តឲ្យក្លាយជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាណត្តិថ្មីនៃរដ្ឋសភា លោក ប្រាជ្ញ ចន្ទ បានប្ដេជ្ញាបន្តបេសកកម្ម រៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោត អសកលចំនួន២ ក្នុងឆ្នាំ២០២៤ ខាងមុខនេះ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឲ្យប្រព្រឹត្តិទៅដោយរលូន ស្របតាមការកំណត់នៃច្បាប់។

ការប្ដេជ្ញានេះធ្វើឡើងក្នុងឱកាស ពិធីប្រកាសចូលកាន់តំណែង ប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប ដែលមានសមាសភាពចំនួន ៩រូប សម្រាប់អាណត្តិថ្មី នៃរដ្ឋសភា នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នាទីស្ដីការ គ.ជ.ប ។

លោក ប្រាជ្ញ ចន្ទដែលបានឡើងកាន់តំណែងជាប្រធាន គ.ជ.បអស់រយៈពេលប្រមាណជាជាង២ឆ្នាំមកនេះ បន្តពីលោក ស៊ិក ប៊ុនហុកបញ្ជាក់ថា «ចំពោះមុខនេះ បន្ទាប់ពីបានប្រកាស ចូលកាន់តំណែងភ្លាម សមាសភាពគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតថ្មី ត្រូវបន្តបេសកកម្ម ក្នុងការរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោត អសកលចំនួនពីរ នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ គឺការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ស្របតាមការកំណត់នៃច្បាប់»។

លោកបន្ថែមថា ផ្អែកលើសមាសភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអាណត្តិថ្មីនេះ រួមនឹងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ គ្រប់លំដាប់ថ្នាក់ ដែលជាសេនាធិការលើការងារបច្ចេកទេសប្រកបដោយ បទពិសោធន៍ លោកមានជំនឿយ៉ាងមុតមាំថា នឹងរៀបចំការបោះឆ្នោតអសកលទាំងពីរនេះ បានដោយជោគជ័យ។

ប្រធានគ.ជ.ឞ គូសបញ្ជាក់ថា ទោះបីជាក្នុងរយៈពេលចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ពុំមានការបោះឆ្នោតជាសកលយ៉ាងណាក្តី ក៏ គ.ជ.ប នៅតែបន្តពង្រឹងស្ថាប័ន ការងារអភិបាលកិច្ច និងការបង្កើនសមត្ថភាពដល់មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ឲ្យបានសមស្របតាមតម្រូវការការងារ និងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបនឹងសភាពការណ៍បច្ចុប្បន្ន និងអនាគត សំដៅឆ្ពោះទៅការរៀបចំការបោះឆ្នោតជាសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨ ជាបន្តទៀត។

ក្នុងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទើបទទួលបាននូវការតែងតាំងថ្មី លោកប្រធាន គ.ជ.ប ក៏បានប្ដេជ្ញាយ៉ាងមោះមុត ប្រកបដោយការទទួលខុសត្រូវខ្ពស់ថា រូបលោក រួមជាមួយនឹង អនុប្រធាន ព្រមទាំងសមាជិក គ.ជ.ប ទាំងអស់ នឹងខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយ ចិត្តប្រាជ្ញា ស្មារតី ដើម្បីបន្តដឹកនាំស្ថាប័ន គ.ជ.ប ក្នុងការបំពេញតួនាទី ភារកិច្ចរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោត នាពេលខាងមុខជាបន្តបន្ទាប់ តាមការកំណត់នៃច្បាប់ ឲ្យបានកាន់តែ ល្អប្រសើរឡើង ស្របតាមច្បាប់បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សំដៅធានាឲ្យការបោះឆ្នោត នីមួយៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងបង្កើនការជឿទុកចិត្តពីសំណាក់ម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធនានា ៕

To Top