ព័ត៌មានជាតិ

លោក​ ហេង សួរ ជំរុញឱ្យ​ ខេត្តមីយ៉ាហ្គី របស់ជប៉ុន ជ្រើសរើសពលករ ជំនាញពីកម្ពុជាបន្ថែម

ជប៉ុន ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយលោក Muri Yoshiiro អភិបាលខេត្តមីយ៉ាហ្គី របស់ប្រទេសជប៉ុន ។

ក្នុងជំនួបដែលធ្វើឡើង នៅអគាររដ្ឋបាលខេត្តមីយ៉ាហ្គី លោករដ្ឋមន្ត្រី បានស្នើឱ្យលោកអភិបាលខេត្ត ជំរុញការផ្សព្វផ្សាយ និងជំរុញសហគ្រាស នៅក្នុងខេត្តឱ្យជ្រើសរើស កម្មសិក្សាការី និងពលករជំនាញ ពីកម្ពុជាបន្ថែម ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ៖ “ក្នុងខណៈដែលខេត្តមីយ៉ាគី ទទួលបានការបង្កើតរោងចក្រថ្មី ជាច្រើនក្នុងរយៈពេលថ្មីៗនេះ ដូច្នេះសូមអភិបាលខេត្ត ជួយផ្សព្វផ្សាយ និងជំរុញសហគ្រាសនៅក្នុងខេត្តជ្រើសរើស កម្មសិក្សាការី និងពលករជំនាញពីកម្ពុជាបន្ថែម” ។

បន្ថែមពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក​ ហេង សួរ បានលើកឡើងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រីករាយនឹងសហការជាមួយខេត្តមីយ៉ាហ្គី ក្នុងការបណ្តុះបណ្តាលជំនាញ ដើម្បីឲ្យចំតម្រូវការ ឧស្សាហកម្មរបស់ខេត្ត ។

សូមបញ្ជាក់ថា នៅក្នុងខេត្តមីយ៉ាគី នេះ មានកម្មសិក្សាការី និងពលករជំនាញរបស់កម្ពុជា ចំនួន១០៩នាក់ដែលកំពុងហាត់ការងារ និងបំពេញការងារ នៅទីនោះ ។ ទន្ទឹម និងនេះ លោករដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណ ដល់អភិបាល ខេត្តមីយ៉ាហ្គី របស់ប្រទេសជប៉ុន ចំពោះការមើល ថែរក្សាកម្មសិក្សាការី និង ពលករជំនាញកម្ពុជា ក្នុងខេត្តបានយ៉ាងល្អ ។

មុននឹងបញ្ចប់ជំនួបលោករដ្ឋមន្ត្រី បានអញ្ជេីញលោកអភិបាលខេត្ត និងសភាពាណិជ្ជកម្មក្រុងសេនដៃ(Sendai) នៃខេត្តមីយ៉ាហ្គីមកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីឱកាសវិនិយោគ និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

នៅថ្ងៃដដែលនោះ ក្រៅពីជំនួបជាមួយ លោកអភិបាលខេត្ត លោករដ្ឋមន្ត្រីក៏បានជួបជាមួយលោកHideki Takayama នាយកប្រតិបត្តិនិងអគ្គលេខាធិការ នៃសភាពាណិជកម្មក្រុងសេនដៃ(Sendai) របស់ខេត្តមីយ៉ាហ្គី ។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានស្នើសុំឲ្យសមាជិក នៃ សភាពាណិជ្ជកម្មរបស់ខេត្ត ទទួលយកពលករជំនាញ របស់កម្ពុជា នៅពេលមានតម្រូវការ ជ្រើសរើសពលករបរទេសបន្ថែម ។

ក្នុងជំនួបដដែលលោករដ្ឋមន្ត្រី ក៏បានអញ្ជេីញសមាជិកសភា ពាណិជ្ជក្រុងសេនដៃមកទស្សនកិច្ច នៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា ដែលជាប្រទេសមានសក្ដានុពលថ្មី ៕

To Top