ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី មេលីសា ប្រោន (Melissa A. Brown) ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានសន្យាពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ទៅលើវិស័យផ្សេងៗ។
ភាគីទាំងពីរ បានលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសលោកស្រី មេលីសា ប្រោន អញ្ជើញមក បំពេញទស្សនកិច្ចការងារនៅកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។
ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រី ឧបការីរង បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញា ចិត្តក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ទៅវិញទៅមកលើវិស័យផ្សេងៗ រួមទាំង ពាណិជ្ជកម្មនិងវិនិយោគ ជំនួយអភិវឌ្ឍន៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញគោលនយោបាយដែលផ្ដោតលើប្រជាពលរដ្ឋ និងអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលថ្មី រួមមាន ការថែទាំសុខភាព ការអប់រំនិងបណ្តុះបណ្តាល និងការបង្កើតការងារ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលបានជួយគាំទ្រដល់វិស័យមួយចំនួនខាងលើ។
ទន្ទឹមនឹងទទួលស្គាល់នូវកិច្ចសហប្រតិបត្តិការគួរឲ្យចាប់អារម្មណ៍ជាច្រើនរវាងសហរដ្ឋអាមេរិក និងកម្ពុជា លោកស្រី ឧបការីរង បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តកិច្ចសហប្រតិបត្តិការទាំងនោះ ធ្វើឲ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងស្វែងរកកាលានុវត្តភាពសម្រាប់ភាពជាដៃគូថ្មីៗបន្ថែមទៀត។ លោកស្រី ឧបការីរងបានថ្លែងសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងប្រកាន់យកវិធីសាស្ត្របែបសន្តនិយមចំពោះទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា។
ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់និងអន្តរជាតិដែលជាប្រយោជន៍រួម រួមទាំង តួនាទីរបស់កម្ពុជានាពេលខាងមុខ ជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក។ លោកស្រីឧបការីរង បានសង្កត់ធ្ងន់ថា កេរ្តិ៍ឈ្មោះដ៏ល្អរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ានកន្លងមក និងវិធីសាស្ត្របែបស្ថាបនារបស់កម្ពុជាចំពោះវិបត្តិអ៊ុយក្រែន នឹងបង្កភាពងាយស្រួលដល់កិច្ចសន្ទនា។ សហរដ្ឋអាមេរិក ក៏នឹងខិតខំជួយគាំទ្រតួនាទីរបស់កម្ពុជា ជាប្រធាននៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាស្តីពីការហាមប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីន ផងដែរ៕