ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែងថា ក្នុងស្ថានភាពតំបន់ និងពិភពលោក កំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញ នាពេលបច្ចុប្បន្ន ខណៈកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ-វៀតណាម តម្រូវឲ្យរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ និងសន្តិសុខ សំដៅធានាសុខប្រទេសនីមួយៗ។
ក្នុងជំនួបប្រាស្រ័យ មិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្ដ្រី លើកទី១ ចំនួន ៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ទៀ សីហា មានប្រសាសន៍ថា «ស្ថិតក្នុងស្ថានភាពតំបន់ និងពិភពលោក ដែលកំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញនាពេលបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការប្រទេសទាំងបី តម្រូវឲ្យយើងរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ និងសន្តិសុខ ដែលជាវិស័យសរសរស្តម្ភក្នុងការជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីធានាស្ថិរភាព សណ្ដាប់ធ្នាប់ និងសន្តិសុខនៅប្រទេសនីមួយៗ និងឯកភាពគ្នាមិនអនុញ្ញាតឲ្យកម្លាំងណាមួយប្រើទឹកដីប្រទេសខ្លួន ដើម្បីប្រឆាំងនឹងប្រទេស ណាមួយឡើយ»។
នាយឧត្តមសេនីយ៍ ទៀ សីហាថា ត្រូវបន្តពង្រឹងការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងជាញឹកញាប់ សំដៅជម្រុញទំនាក់ទំនងជាប្រពៃណីមិត្តភាពយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង ដែលជាកត្តាដ៏សំខាន់បំផុតមួយ សម្រាប់ជោគជ័យក្នុងការការពារឯករាជ្យ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិនីមួយៗ។
នាយឧត្តមសេនីយ៍បន្ថែមថា បង្កើនការងារ ឃោសនាអប់រំប្រជាជន កងទ័ព នាយទាហានបន្តវេន បានយល់កាន់តែច្បាស់នូវអត្ថន័យព្រឹត្តិការណ៍ជាប្រវត្តិ- សាស្ត្រជាតិ សំដៅពង្រឹងស្មារតីសាមគ្គីភាព មិត្តភាពប្រទេសទាំងបីឱ្យកាន់តែមានភាពស៊ីជម្រៅ និងគ្រប់ជ្រុង ជ្រោយថែមទៀត។
នាយឧត្តមសេនីយ៍ ទៀ សីហា ក៏គូសបញ្ជាក់ថា ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី តម្រូវឲ្យប្រទេសទាំងបីបន្តគាំទ្រគ្នានៅក្នុងអង្គការអន្តរជាតិ និងវេទិកាពហុភាគីនានា ដើម្បីចូលរួមដោះស្រាយកិច្ចការតំបន់ និងពិភពលោក សំដៅធានាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ត្រីកោណអភិវឌ្ឍ និងតំបន់ទន្លេមេគង្គ៕