ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កំពុងយកចិត្តទុកដាក់ ផ្តល់ឥណទានបៃតងដល់ពលរដ្ឋ

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបិទ កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នំា២០២៣ និងកំណត់ទិសដៅឆ្នំា២០២៤ កាលពីថ្ងៃទី១២ ខែធ្នូនេះ ថ្នាក់ដឹកនាំកំពូល នៃធនាគារអភិឌ្ឍន៍ជនបទ និងកសិកម្ម បានលើកទឹកចិត្តឲ្យមានការ ធ្វើពិពិធកម្មផលិតផល របស់ធនាគារ ដើម្បីឲ្យស្របទៅនិងខ្សែស្រវាក់ផលិតកម្ម ជាពិសេសបានជំរុញ ឲ្យមានការផ្តល់ឥណទានបៃតងបានច្រើន ។

លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានប្រសាសន៍ថា «យើងត្រូវធ្វើយ៉ាងណា ធ្វើពិពិធកម្មផលិតផល របស់យើងទៅតាមខ្សែច្រវាក់ ផលិតកម្ម កសិកម្មបន្ថែមទៀត ពិសេសយើងត្រូវជំរុញ ការផ្តល់ឥណទានបៃតង ឲ្យបានច្រើន ដើម្បីដើឲ្យស្របទៅនឹងការវិវត្ត នៃពិភពលោករបស់យើង បាននិងកំពុងធ្វើដំណើរ ទៅរកឥណទានបៃតង”។

តាមរយៈឥណទានបៃតងនេះ លោកបណ្ឌិត កៅ ថាច សង្ឃឹមថា នឹងទាក់ទាញប្រភពទុនផ្សេងទៀត ចូលមកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដើម្បីផ្តល់ជូនអតិថិជន ដែលជាប្រជាកសិករថែមទៀត ។

ដើម្បីឲ្យកម្ពុជាដើរ ស្របទៅនឹងការវិវត្តនៃពិភពលោក បាននិងកំពុងធ្វើដំណើរទៅរកឥណទានបៃតង លោក ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារ ឆ្នំា២០២៣ និង កំណត់ទិសដៅឆ្នំា២០២៤ សម្រាប់នៅឆ្នំានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានលើកយក ប្រធានបទ ជំរុញហិរញ្ញប្បទានបៃតង ដើម្បីការអភិវឌ្ឍប្រកបទៅដោយចីរភាព គឺជាប្រធានបទមួយ ដែលបណ្តាប្រទេសនៅទូទំាងសកលលោកបាននិងកំពុងយកចិត្តទុកដាក់ រិះរកគ្រប់វិធានការដើម្បីគ្រប់គ្រង និងដោះស្រាយបញ្ហាទៅនិង ប្រធានបទនេះប្រកបទៅដោយប្រសិទ្ធភាព។

លោកសង្កត់ធ្ងន់ថា «នៅតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាគឺជាប្រទេសមួយនៅក្នុង ចំណោមប្រទេសរង ផលប៉ះពាល់ខ្លំាង ពីបម្រែបម្រួលអាកាសធាតុ ដោយហេតុថា ប្រជាជនកម្ពុជាភាគច្រើន បានប្រកបរបរចិញ្ចឹមជីវិត ដោយពឹងផ្អែកទៅលើ វិស័យកសិកម្ម ពិសេសគឺដំណាំស្រូវ» ៕

To Top