ព័ត៌មានជាតិ

សម្ដេចធិបតី ប្រាប់ជប៉ុនថា ប្រាសាទអង្គរ និងប្រាង្គប្រាសាទនានា នៅកម្ពុជា គឺតំណាងឱ្យព្រលឹងជាតិខ្មែរ ដែលពុំអាចកាត់ថ្លៃបាន​

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រាប់ភាគីជប៉ុនថា ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទនានានៅកម្ពុជា គឺជាតំណាងឱ្យព្រលឹងជាតិខ្មែរ ដែលពុំអាចកាត់ថ្លៃបាន ហើយរាជរដ្ឋាភិបាលគ្រប់អាណត្តិ តែងយកចិត្តទុកដាក់ខ្ពស់ ដោយប្រកាន់នូវទស្សនទាន “អភិរក្សដើម្បីការអភិវឌ្ឍ អភិវឌ្ឍដើម្បីការអភិរក្ស”។

ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​ ធ្វើឡើង ក្នុងជំនួបពិភាក្សាការងារជាមួយ​លោកសាស្រ្តាចារ្យបណ្ឌិត Ishizawa Yoshiaki ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ា នៅទីក្រុងតូក្យូ ក្នុងឱកាសដែលសម្ដេចធិបតី ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣នៅ ប្រទេសជប៉ុន ។

ក្នុងឱកាសនៃជំនួបនេះ លោកសាស្ត្រាចារ្យ Ishizawa Yoshiaki បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលា ដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវក្តីអំណរ ដែលរូបលោកបានចូលរួម ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ។

ឆ្លៀតក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ក៏បានជម្រាបជូន សម្តេចធិបតី ផងដែរ អំពីវឌ្ឍនភាពរីកចម្រើនដែលរូបលោកសាស្ត្រាចារ្យផ្ទាល់ ក៏ដូចជាសាកលវិទ្យាល័យសូហ្វីយ៉ា បានចូលរួមចំណែក ក្នុងការងារជួសជុល ប្រាសាទអង្គរវត្ត និងប្រាសាទដ៏ទៃទៀត ក្នុងខេត្តសៀមរាប រយៈកាលជាង ៣០ឆ្នាំ កន្លងមកនេះ ប្រកបដោយមនោសញ្ចេតនាស្រលាញ់ និងកោតស្ញប់ស្ញែង ចំពោះទេពកោសល្យរបស់បុព្វបុរសខ្មែរ ក្នុងការកសាងប្រាសាទទាំងនោះទ្បើង ។

លោកបន្តថា ជាងនេះទៅទៀត សាកលវិទ្យាល័យសូហ្វីយ៉ា ក៏បានបើកមជ្ឈមណ្ឌលអាស៊ី សិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស ប្រចាំខេត្តសៀមរាប ដើម្បីចែករំលែកបទពិសោធន៍លើការងារអភិរក្សជួសជុល និងគ្រប់គ្រងតំបន់បេតិកភណ្ឌ នៅតាមបណ្តាប្រាង្គប្រាសាទនានាក្នុងតំបន់អង្គរ និងតំបន់ព្រះវិហារ សម្រាប់បម្រើដល់ការសិក្សាស្វែងយល់លើការអនុវត្តជាក់ស្តែង ។

លើសពីនេះ លោកសាស្ត្រាចារ្យ ក៏បានស្នើសុំ សម្តេចធិបតី គាំទ្រដល់សាកលវិទ្យាល័យសូហ្វីយ៉ា ក្នុងការបន្តកិច្ចសហប្រតិបត្តិការជួសជុល និងកិច្ចការងារអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរ តទៅទៀត ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកី្តសោមនស្សរីករាយ ដែលបានជួបជាមួយលោកសាស្ត្រាចារ្យ Ishizawa Yoshiaki សាជាថ្មី បន្ទាប់ពីជំនួបកាលពីខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ព្រមទាំងបានអរគុណដល់ លោកសាស្ត្រាចារ្យ និងសាកលវិទ្យាល័យសូហ្វីយ៉ា ដែលបានចូលរួមជួលជុល អភិរក្សប្រាង្គប្រាសាទ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ដែលនេះគឺជាកាយវិការនៃសេចក្តីស្រលាញ់តាមរយៈសកម្មភាពជាក់ស្តែង ក្នុងការជួយអភិរក្ស និងថែរក្សាប្រាង្គប្រាសាទទាំងនោះឱ្យនៅឋិតឋេរចីរកាលតទៅ ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បាន ជម្រាបជូនលោកសាស្ត្រាចារ្យផងដែរថា ប្រាសាទអង្គវត្ត និងប្រាង្គប្រាសាទនានា គឺតំណាងឱ្យព្រលឹងជាតិខ្មែរ ដែលពុំអាចកាត់ថ្លៃបាន ហើយរាជរដ្ឋាភិបាលគ្រប់អាណត្តិ តែងយកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិរក្សមរណីយដ្ឋានអង្គរ និងជីវភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ជុំវិញ ដោយប្រកាន់នូវទស្សនាទាន “អភិរក្សដើម្បីការអភិវឌ្ឍ អភិវឌ្ឍដើម្បីការអភិរក្ស” ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានធ្វើការបញ្ជាក់ថែមទៀតថា រាជរដ្ឋាភិបាល អាណតិ្តទី៧ នេះ នៅតែបន្តកិច្ចសហការជាមួយ សាកលវិទ្យាល័យសូហ្វីយ៉ា ក្នុងការជួសជុលប្រាង្គប្រាសាទ និងបណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជា តាមរយៈការជួយផ្តល់ការសម្របសម្រួលនានា សំដៅធ្វើយ៉ាងណាឱ្យកិច្ចការងារនេះ ដំណើរការទៅបានដោយរលូន ៕

To Top