ព័ត៌មានជាតិ

ក្រុមហ៊ុន PFI របស់ជប៉ុន មានបំណងពង្រីក ការវិនិយោគ មកកាន់កម្ពុជា ជាពិសេសលើវិស័យកសិកម្ម

ភ្នំពេញ ៖ លោក គីម មូចូ (Kim Mujo) នាយកក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) បានបញ្ជាក់ថា ក្រុមហ៊ុន PFI មានបំណងពង្រីក ការវិនិយោគរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ជាពិសេស លើវិស័យកសិកម្ម ។

ក្នុង​ឱកាសទទួលបានការអនុញ្ញាត ចូលជួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ លោក គីម មូចូ នាយកក្រុមហ៊ុន PFI បានជម្រាបអំពីសកម្មភាពនៃខ្សែច្រវាក់ ផលិតកម្មជាច្រើន របស់ក្រុមហ៊ុន ជាអាទិ៍៖សម្លៀកបំពាក់, គ្រឿងសំអាង, គ្រឿងឧបភោគ-បរិភោគ ជាដើម ។

ជាមួយគ្នានេះ លោកនាយកក្រុមហ៊ុន បានបញ្ជាក់ជូន សម្តេចធិបតីថា «ដោយសម្លឹងមើលឃើញសក្តានុពលអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) មានបំណងពង្រីកការវិនិយោគរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ជាពិសេស លើវិស័យកសិកម្ម» ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះលោក គីម មូចូ នាយកក្រុមហ៊ុន PFI ព្រមទាំងសហការី និងបានបង្ហាញក្តីរីករាយចំពោះគម្រោង របស់ក្រុមហ៊ុនក្នុងការបោះទុនវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ ។

សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះក្រុមហ៊ុន ដែលមានការប្រើប្រាស់បច្ចេកវិទ្យា ដ៏ទំនើបក្នុងការផលិតផលិតផល ចេញពីស៊ុតមាន់ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុន ធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយនាំយកបច្ចេកវិទ្យានេះទៅជាមួយ ដើម្បីជាការផ្តល់អត្ថប្រយោជន៍ ផ្ទាល់ដល់ប្រជាកសិករកម្ពុជា ហើយមួយវិញទៀត ការច្នៃប្រឌិតបង្កើត បច្ចេកវិទ្យាថ្មីៗបែបនេះ គឺជាការកាលានុវត្តភាពដ៏ចាំបាច់ ក្នុងធានាបាននូវសមត្ថភាព ក្នុងការប្រកួតប្រជែងរបស់កម្ពុជា ផងដែរ ៕

To Top