ព័ត៌មានជាតិ

ក្រុមហ៊ុនជប៉ុន មានបំណងពង្រីក ការវិនិយោគនៅកម្ពុជា ពិសេសលើការផលិតទ្បាំងក្រដាស ចេញពីផលិតផលកសិកម្ម សម្រាប់នាំចេញ

ភ្នំពេញ៖ លោក អ៊ិកាវ៉ា ណោគិ (Ikawa Naoki) ប្រធានក្រុមហ៊ុន Ehime Package បានបញ្ជាក់ថា តាមរយៈបទពិសោធន៍ល្អជាមួយប្រជាជនកម្ពុជា គឺក្រុមហ៊ុនកំពុងមានបំណងពង្រីកការ វិនិយោគរបស់ខ្លួនទៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងផ្នែកឧស្សាហកម្មផលិតទ្បាំងក្រដាស សម្រាប់ធ្វើការនាំចេញ។

ក្នុងឱកាសទទួលបានការ អនុញ្ញាតចូលជួបសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ លោកប្រធានក្រុមហ៊ុន Ehime Package បានជម្រាបអំពីការចូលរួមចំណែក របស់ក្រុមហ៊ុននៅក្នុងការជ្រើសរើសកម្មសិក្សាការីជនជាតិខ្មែរ មកបំពេញការងារនៅប្រទេសជប៉ុន ក្នុងរយៈកាលជាង ១០ ឆ្នាំ កន្លងមកនេះ ។

ឆ្លៀតក្នុងឱកាសនោះ លោកបានជម្រាបជូន សម្តេចនាយករដ្ឋមន្ត្រីដែរថា «តាមរយៈបទពិសោធន៍ល្អ ជាមួយប្រជាជនកម្ពុជា គឺក្រុមហ៊ុនកំពុងមានបំណងពង្រីក ការវិនិយោគរបស់ខ្លួនទៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងផ្នែក ឧស្សាហកម្មផលិតទ្បាំងក្រដាស សម្រាប់ធ្វើការនាំចេញ»។

ជាការឆ្លើយតប សម្តេចធិបតី បានអរគុណចំពោះបទពិសោធន៍ និងការយល់ឃើញប្រកបដោយសុទិដ្ឋិនិយម ចំពោះសក្តានុពលរបស់ប្រទេសកម្ពុជា ។

សម្តេចធិបតីក៏បានបន្ថែមថា ស្របពេល ដែលឆ្នាំ២០២៣ នេះ គឺជាខួប ៧០ នៃចំណងការទូតកម្ពុជា-ជប៉ុន និងក៏ជាឆ្នាំដ៏ពិសេស នៃការដំឡើងកម្រិត នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” សម្តេចធិបតី ក៏បានលើកឡើងអំពីគម្រោងនៃជំនួបទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីជប៉ុន ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដោយផ្តោតលើប្រធានបទសំខាន់ៗមួយចំនួន ដូចជា ទិសដៅនៃការលើកកម្ពស់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងវិស័យឯកជន ។

ក្នុងន័យនេះសម្តេចធិបតី ក៏បានសម្តែងការចាប់អារម្មណ៍ លើគម្រោងវិនិយោគរបស់ក្រុមហ៊ុន ក្នុងការផលិតក្រដាសចេញពីផលិតផលកសិកម្ម ស្របពេលដែលវិស័យកសិកម្ម គឺជាវិស័យអាទិភាព ដែលរាជរដ្ឋាភិបាលកំពុងជំរុញ ការផលិតទិន្នផលកសិកម្មជាផលិតផលសម្រេចបម្រើឱ្យការនាំចេញ ដោយក្នុងនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការ និង វិធានការមួយចំនួន រួមមានជាអាទិ៍ ការពង្រាយមន្ត្រីកសិកម្មនៅគ្រប់ឃុំ ទូទាំងប្រទេស ដើម្បីជួយដល់ប្រជាកសិករ និងការបង្កើត នូវសហគមន៍កសិកម្មទំនើប ជាដើម ៕

To Top