ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យក្រសួងការបរទេសកម្ពុជា សិក្សាពិនិត្យលទ្ធភាព ដេីម្បីបង្កើតអគ្គកុងស៊ុលមួយទៀត នៅអូសាកា ប្រទេសជប៉ុន សម្រាប់ជួយសម្រួលនីតិវិធីនានា ដល់ពលរដ្ឋខ្មែរ ដែលមានតម្រូវការផ្សេងៗ។
នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ខ្ញុំ សូមឱ្យពិនិត្យលទ្ធភាពសិក្សា ហើយក្រសួងការបរទេស ពិនិត្យមើល តេីយើងអាច នៅថ្ងៃអនាគតបង្កើតអគ្គកុងស៊ុល មួយទៀត នៅអូសាការ ឬទេ? ដេីម្បីជួយបងប្អូនយេីង”។
សម្ដេច បន្ដថា រយៈពេល ៣ខែមកនេះ សម្ដេច បានឱ្យបង្កេីតអគ្គកុងស៊ុលមួយទៀត នៅភាគខាងត្បួងប្រទេសថៃ។
ពាក់ទៅនឹងការធ្វេីលិខិតឆ្លងដែន សម្ដេច នាយករដ្ឋមន្ត្រី បានប្រាប់ប្រជាពលរដ្ឋកម្ពុជានៅប្រទេសជប៉ុន និងកូរ៉េខាង ត្បូង អាចធ្វើលិខិតឆ្លងដែនថ្មីបាន នៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ ដោយមិនចាំ បាច់ធ្វើដំណើរមកស្រុកខ្មែរឡេីយ៕
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																											 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									