ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ក្រោយវិលត្រឡប់ ពីប្រទេសជប៉ុនវិញ សម្តេចនឹងអញ្ជើញ ទៅសម្ពោធគម្រោងធំៗ២ ដែលជាគម្រោងរបស់ជប៉ុននិងកម្ពុជា នៅមុនដាច់ឆ្នាំ២០២៣នេះ ។
ការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ។
គម្រោងធំៗដែលសម្តេចនឹង អញ្ជើញទៅសម្ពោធ នៅចុងខែ១២នេះ មុនដាច់ឆ្នាំ២០២៣នេះ មានគម្រោងបើកការដ្ឋានពង្រីកផែទឹកជ្រៅខេត្តព្រះសីហនុ នៅខេត្តព្រះសីហនុ និងសម្ពោធគម្រោងស្ថានីយប្រព្រឹត្តិកម្មទឹកកង្វក់ នៅរាជធានីភ្នំពេញ ។
ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន មានប្រសាសន៍ថា “ថ្ងៃ២២ ខ្ញុំនឹងទៅសម្ពោធបើកការដ្ឋានដើម្បីពង្រីកផែ ព្រះសីហនុរបស់យើង ដើម្បីបង្កើនសមត្ថភាព កំពង់ផែយើងក្លាយទៅជា ផែទឹកជ្រៅមួយ ដែលមានសក្កានុពលសំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ច គម្រោងកម្ពុជា-ជប៉ុន ហើយនៅថ្ងៃទី២៧ មុនដាច់ឆ្នាំ ទៅសម្ពោធគម្រោងធំមួយទៀត នៅភ្នំពេញ ស្ថាននីយប្រឹព្រឹត្តិកម្មទឹកកង្វក់ ដើម្បីជួយដល់ប្រជាពលរដ្ឋ នៅភ្នំពេញ ចឹងទំនាក់ទំនងខាងវិស័យសេដ្ឋកិច្ច ដែលយើងមាន រវាងកម្ពុជា និងជប៉ុន មានច្រើន” ៕