ព័ត៌មានជាតិ

សម្តេចធិបតី ៖ ការនាំយកវត្ថុបុរាណខ្មែរ១៤រូប គឺជាការនាំយកព្រលឹងដូនតារបស់ខ្មែរ ត្រឡប់មកកាន់ដែនដី សុវណ្ណភូមិឡើងវិញ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ ចំពោះការវិលត្រឡប់ នូវរតនវត្ថុបុរាណខ្មែរ ទាំង១៤រូប ដោយសម្តេចធិបតី ចាត់ទុកថា គឺជាការនាំយកព្រលឹងដូនតារបស់ខ្មែរ ដែលបានឃ្លាតពីមាតុប្រទេស ដោយសារសង្គ្រាម មកពូនជ្រំនូវមរតកវប្បធម៌លើដែនដីសុវណ្ណភូមិឡើងវិញ ។

យោងតាមបណ្តាញសង្គមសម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា “សូមស្វាគមន៍នូវរតនវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជា មកកាន់មាតុភូមិវិញ។ ការនាំយកវត្ថុបុរាណខ្មែរ ចំនួន ១៤រូបនេះ គឺជាការនាំយកព្រលឹងដូនតារបស់ខ្មែរ ដែលបានឃ្លាតចាកចេញពីមាតុប្រទេស ដោយសារភាពរ៊ាំរៃញាំញីដោយសង្គ្រាម មកពូនជ្រំនូវមរតកវប្បធម៌លើដែនដីសុវណ្ណភូមិឡើងវិញ អំឡុងពេលប្រទេសមានសន្តិភាពពេញលេញ”។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ លើកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកិច្ចការដ៏សំខាន់នេះ ហើយក៏សូមអរគុណដល់សារមន្ទីរ Metropolitan Museum (MET) នៅទីក្រុងញូវយ៉ក ដែលយល់ព្រមប្រគល់មកវិញនូវវត្ថុបុរាណដែលជាកម្មសិទ្ធិរបស់កម្ពុជា មកឱ្យម្ចាស់ដើមក្នុងការថែរក្សា ការពារ នូវមរតកសិល្បៈ និងវប្បធម៌ដ៏មានតម្លៃ ឥតកាត់ថ្លៃបាន”៕

To Top