ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការ រៀបចំការប្រឡង បានថ្លែងថា ការប្រឡងជ្រើសរើស មន្ដ្រីកសិកម្មឃុំ នាពេលនេះ ប្រធានវិញ្ញាសាធានាបានទាំងស្រុងមិន ឱ្យបែកធ្លាយវិញ្ញាសា ព្រោះវិញ្ញាសាប្រឡង ត្រូវជ្រើសរើសភ្លាមៗ នៅថ្ងៃប្រឡងតែម្ដង ។
ក្រោយអញ្ជើញកាត់សន្លឹកវិញ្ញាសា នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ លោករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ថា តាំងពីម៉ោង ៦ព្រឹក នៅមណ្ឌលប្រឡង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រុមការងារ នៃគណៈកម្មការរៀបចំ រួមទាំង អ្នកសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយ បានបែកចែកប្រធានវិញ្ញាសាជា ៣ប្រភេទ ក្នុងនោះ មានជំនាញកសិកម្ម, ភាសាអង់គ្លេស និងចំណេះដឹងទូទៅ ។
លោក រដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ការរៀបចំរបស់យើង គឺមានការហ្មត់ចត់ ផ្ដោតលើអ្វី ដែលជាបទពិសោធន៍កន្លងមក យើងធ្វើការផ្សព្វផ្សាយ ជាសាធារណៈជាបន្ដបន្ទាប់ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងអំពីការវិវឌ្ឍន៍ទៅលើការ រៀបចំរបស់យើង ហើយការអនុវត្តរបស់យើង ហើយនឹងការអនុវត្តរបស់យើង ដែលកន្លងមកតែងតែមានការចោទសួរ ទៅលើដំណាក់កាល នៃការផ្ដល់ឱកាសឱ្យចុះឈ្មោះឱ្យបានច្រើនកុះករ ហើយដំណាក់កាលទីពីរ គឺថ្ងៃប្រឡង គិតគូរទៅលើអ្វីដែលជាការរៀបចំវិញ្ញាសារ និងនិតិវិធី ដើម្បីធ្វើយ៉ាងណាធានាបាន នៃអ្វីជាការទទួលយកបាន។ កុំឲ្យមានការបែកធ្លាយវិញ្ញាសា គឺយើងធ្វើនៅថ្ងៃនេះតែម្ដង ជ្រើសរើសដោយមានការចូលរួមពីភាគីផ្សេងៗខុសៗគ្នា យើងព្រីនភ្លាមៗ និងដំណើរការប្រឡងតែម្ដង»។
លោករដ្ឋមន្ដ្រី បន្ដថា ការប្រឡងនេះ គឺអនុវត្តតាមស្ដង់ដារកន្លងមក ដោយមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកសង្កេតការណ៍ មកពីគ្រប់មជ្ឈដ្ឋាន។ លោករដ្ឋមន្ដ្រី បន្ថែមថា ដើម្បីការរៀបចំនីតិវិធី នៃការជ្រើសរើសមន្ដ្រីរាជការស៊ីវិល ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ដោយមានតម្លាភាព យុត្តិធម៌ ផ្ដល់ឱកាសស្មើភាព ហើយលទ្ធផលចុងក្រោយ គឺចំពោះបេក្ខជនបើជាប់ ជាប់ដោយកិត្តិយស បើធ្លាក់ ធ្លាក់ដោយការអស់ចិត្ត។
សូមបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ បានចាប់ផ្តើមហើយ ដោយមានការអញ្ជើញបើកវិញ្ញាសាដោយ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងមហាជនដែលបានចុះឈ្មោះសង្កេតការណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។
សូមជម្រាបជូនថា បេក្ខជនដែលចូលរួមប្រឡងមានចំនួនសរុប ៣៣៨១នាក់ មកពីបណ្តារាជធានី-ខេត្ត ទូទាំងប្រទេស ចាប់ផ្តើមប្រឡងនៅវេលាម៉ោង ១២ ថ្ងៃត្រង់ ដោយត្រូវឆ្លងកាត់ការប្រឡង លើវិញ្ញាសាចំនួន៣ ប្រភេទ៖ ១. វិញ្ញាសាសរសេរជំនាញកសិកម្ម ២. វិញ្ញាសារសរសេរភាសាអង់គ្លេស ៣. វិញ្ញសាពហុចម្លើយនៅមណ្ឌល ប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕