ព័ត៌មានជាតិ

ក្រុមហ៊ុនជប៉ុន មានបំណងបង្កើន ការនាំចូលគ្រាប់ស្វាយចន្ទី និងម្រេចបន្ថែមទៀត ពីកម្ពុជា

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោក អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ (IMAMURA Masahiro) ប្រធានសម្ព័ន្ធសភាមិត្តភាព ជប៉ុន-កម្ពុជា បានលើកឡើងថា ក្រុមហ៊ុនជប៉ុន មានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទី និងផលិតផលម្រេចបន្ថែមទៀតពីកម្ពុជា។

ក្នុងឱកាសនៃជំនួប លោក អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ បានជម្រាបពីសកម្មភាព របស់សម្ព័ន្ធសភា ដែលកន្លងមកបានសហការ បំពេញការងារយ៉ាងជិតស្និទ្ធជាមួយស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរជប៉ុន-កម្ពុជា កាន់តែស្អិតរមួតថែមទៀត ជាពិសេសលើវិស័យអាទិភាពមួយចំនួន រួមមាន ៖ វិស័យកសិកម្ម, សុខាភិបាល, ថាមពល, ការបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាដើម ។ ពាក់ព័ន្ធនឹងផលិតផលកសិកម្ម សម្ព័ន្ធសភាបានគូសបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនមានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទី និងផលិតផលម្រេចបន្ថែមទៀត ពីកម្ពុជា។

សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែតវិញ បានលើកឡើងថា ឆ្នាំ២០២៣ គឺជាខួបលើកទី៧០ នៃចំណងការទូត និងជាឆ្នាំដ៏ពិសេស ដែលទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ត្រូវបានដំឡើងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលជាកម្រិតល្អប្រសើរបំផុត នៃទំនាក់ទំនង រវាងប្រទេសទាំងពីរ ហើយក៏បានរំឭក ផងដែរ អំពីការជួយឧបត្ថម្ភគាំទ្រ របស់ជប៉ុន នៅក្នុងដំណើរការកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា រាប់ចាប់តាំងពីដំណាក់ កាលស្វែងរកសន្តិភាព ។

ក្នុងន័យនេះ សម្តេចធិបតី ក៏បានធ្វើការ វាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាពរឹងមាំ និងភាពរីកចម្រើន នៃកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន ទាំងក្នុងផ្នែកស្ថាប័ននីតិប្បញ្ញត្តិ, ស្ថាប័ននីតិប្រតិបត្តិ, ធុរកិច្ច និងធុរកិច្ច ក៏ដូចជារវាងប្រជាជន និងប្រជាជន ព្រមទាំងបានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ចំពោះជប៉ុន ត្រូវបានរក្សាដូចអាណត្តិមុនៗផងដែរ គឺការបន្តរក្សានិរន្តរភាព និងសង្គតិភាព នូវទំនាក់ទំនងដែលមានស្រាប់ ព្រមទាំងបន្តពូនជ្រំអភិវឌ្ឍន៍ ទំនាក់ទំនងដ៏ល្អប្រសើរនេះកាន់តែរឹងមាំបន្ថែមទៀត ៕

To Top