ព័ត៌មានជាតិ

សម្ដេចធិបតី ៖ មន្ត្រីបច្ចេកទេស កសិកម្ម២៥០នាក់ នឹងក្លាយជាសេនាធិការ ដ៏សំខាន់ ដោះស្រាយបញ្ហា ប្រជាកសិករ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា មន្ត្រីបច្ចេកទេសកសិកម្ម ចំនួន២៥០នាក់ នឹងក្លាយជាសេនាធិការដ៏សំខាន់ ក្នុងការដោះស្រាយបញ្ហារបស់ប្រជាកសិករ ព្រមទាំងជួយអភិវឌ្ឍសហគមន៍កសិកម្ម នាពេលបច្ចុប្បន្នឲ្យក្លាយ ជាសហគមន៍កសិកម្មទំនើប។

ការលើកឡើងរបស់សម្តេចធិបតីនេះ ក្នុងគ្រាកំពុងដំណើរការកំណែ នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ នាព្រឹកថ្ងៃ១៨ ធ្នូ ក្រោយពីប្រឡងជ្រើសរើសពួកគេនាពេលថ្មីៗនេះ ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៨ ធ្នូ នេះ សម្ដេចធិបតីបានឲ្យដឹងថា កម្មវិធីគោលនយោបាយអាទិភាពទី៦របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម នៅគ្រប់ឃុំ-សង្កាត់ ដែលជាអនុសាសន៍របស់សម្តេចក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីដំបូង កាលពីថ្ងៃទី២៤ សីហា ២០២៣ នោះបាននិងកំពុងអនុវត្តយ៉ាងស្វាហាប់ និងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ចំនួន២៥០នាក់ ត្រូវបានបញ្ចប់ជាស្ថាពរ ប្រកបដោយភាពលម្អិត ហ្មត់ចត់ មានវិន័យ និងមានសណ្តាប់ធ្នាប់ នាថ្ងៃអាទិត្យ ទី១៧ ធ្នូ ២០២៣ ។

សម្ដេចបន្ដថា មន្ត្រីបច្ចេកទេសកសិកម្មទាំង២៥០នាក់នេះ នឹងត្រូវដាក់ពង្រាយក្នុងខេត្តចំនួន១៧ ដែលមានសក្តានុពលផ្នែកដំណាំកសិកម្ម រួមមាន ៖ ខេត្តតាកែវ កំពង់ស្ពឺ កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង បាត់ដំបង កំពត ពោធិ៍សាត់ ព្រៃវែង ព្រះវិហារ ត្បូងឃ្មុំ ស្វាយរៀង ឧត្តរមានជ័យ កណ្តាល និងខេត្តមណ្ឌលគិរី ដោយផ្តល់អាទិភាព ដល់បេក្ខជនមានទីលំនៅក្នុងបណ្តាខេត្តគោលដៅ ដោយមានតួនាទីប្រមូលព័ត៌មាន អំពីស្ថានភាពផលិតកម្ម កសិកម្មនៅមូលដ្ឋាន ព្រមទាំងផ្តល់ព័ត៌មាន និងសំណូមពរ របស់ប្រជាកសិករ មកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យ និងស្វែងរកដំណោះស្រាយ បានទាន់ពេលវេលា ។

សម្ដេចបន្ថែមថា រាជរដ្ឋាភិបាលមានគោលដៅច្បាស់លាស់ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកស្ទួយវិស័យកសិកម្ម ដើម្បីធានាបានសន្តិសុខស្បៀង នាថ្ងៃអនាគត ដោយបានផ្តល់ជាគោលការណ៍ក្នុងការជ្រើសរើសមន្ត្រីបច្ចេកទេសកសិកម្ម ចំនួន២៥០នាក់ក្នុងឆ្នាំ២០២៣ , ចំនួន ៨០០នាក់ ក្នុងឆ្នាំ២០២៤ និងចំនួន ៥៥០នាក់ ក្នុងឆ្នាំ២០២៥ ដើម្បីឆ្លើយតបដល់ឃុំ ដែលមានសក្តានុពល និងសកម្មភាពកសិកម្មចំនួន ១ ៥៥០ ដែលបម្រើដល់កសិករ ប្រមាណ២លានគ្រួសារ ។

សម្ដេចនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «មន្ត្រីបច្ចេកទេសកសិកម្មទាំងអស់ ក៏នឹងក្លាយជាសេនាធិការដ៏សំខាន់ក្នុងការដោះស្រាយបញ្ហារបស់ប្រជាកសិករ ព្រមទាំងជួយអភិវឌ្ឍសហគមន៍កសិកម្មនាពេលបច្ចុប្បន្ន ឲ្យក្លាយជាសហគមន៍កសិកម្មទំនើប ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដោយកិច្ចការអាទិភាពទី៤ នៅក្នុងបញ្ចកោណទី៤ គឺផ្តោតលើការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ដែលមានគោលដៅយុទ្ធសាស្ត្រ លើការបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឲ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការ អភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និងសុវត្ថិភាពស្បៀង, បង្កើនតម្លៃបន្ថែមខ្ពស់, ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពនៅជនបទ»៕

To Top