ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងនូវទិសដៅកិច្ចសហប្រតិបត្តិការមួយចំនួន សំដៅពង្រឹងបន្ថែមទៀតរវាង កម្ពុជា-ជប៉ុន ក្នុងវិស័យការពារជាតិ និងសន្តិសុខ, ពាណិជ្ជកម្ម និងវិនិយោគ ជាដើម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ នាក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយ លោក គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) នាយករដ្ឋមន្រ្តី នៃប្រទេសជប៉ុន ក្នុងឱកាស នៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ។
ជាកិច្ចចាប់ផ្តើម លោក គីស៊ីដា ហ្វូមីអូ បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅប្រទេសជប៉ុន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ និងកិច្ចប្រជុំកិច្ចប្រជុំប្រមុខថ្នាក់ដឹកនាំនៃប្រទេសសមាជិកសហគមន៍បំភាយឧស្ម័នកម្រិតសូន្យអាស៊ី (The Asia Zero Emission Community Leaders Meeting-AZEC) ព្រមទាំងបានសម្តែងនូវការអរគុណចំពោះប្រទេសកម្ពុជា ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិលើគ្រប់វិស័យ ហើយដែលចុងក្រោយនេះ គឺកិច្ចសហការរួមក្នុងការជួយបណ្ដុះបណ្ដាលដល់អ្នកជំនាញដោះមីនរបស់អ៊ុយក្រែន ។
ជាកិច្ចឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងនូវការអបអរសាទរចំពោះជោគជ័យរបស់ប្រទេសជប៉ុន នៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលទាំងពីរ និងបានបង្ហាញនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ប្រទេសជប៉ុនពាក់ព័ន្ធនឹង AZEC ក៏ដូចជាគំនិតផ្តួចផ្តើមចំនួន ៣ ផ្សេងទៀត រួមមាន៖ ដៃគូចិត្ត នឹងចិត្តគ្រប់ជំនាន់/Heart-to-Heart Partners across Generations”; ដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ច និងសង្គម/Partners for Co-creation of Economy and Society” និងដៃគូសម្រាប់សន្តិភាព និងស្ថិរភាព/Partners for Peace and Stability” ។
បន្ថែមពីលើនេះ ដើម្បីចូលរួមអបអរសាទរខួប ៧០ ឆ្នាំ នៃចំណងការទូតកម្ពុជា-ជប៉ុន, និងជាឆ្នាំនៃការដំឡើងកម្រិតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងនូវទិសដៅកិច្ចសហប្រតិបត្តិការមួយចំនួន សំដៅពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងវិស័យការពារជាតិ និងសន្តិសុខ, ពាណិជ្ជកម្ម និងវិនិយោគ, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការបើកឡើងវិញនូវជើងហោះហើរត្រង់រវាងកម្ពុជា និងជប៉ុន ជាដើម ។
លោកនាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងអំណរគុណប្រទេសកម្ពុជាចំពោះចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ក្នុងរយៈកាលកន្លងមក ព្រមទាំងបានបញ្ជាក់ថា ឯកឧត្តម នឹងបន្តធ្វើការជាមួយ សម្តេចធិបតី បន្ថែមទៀត សំដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវជោគជ័យថ្មីៗ ជាផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ជប៉ុន ។
ដោយឡែក នៅក្នុងឱកាសនៃជំនួបនេះផងដែរ ថ្នាក់ដឹកនាំទាំងពីរក៏បានចូលរួមជាអធិបតី ក្នុងពិធីផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការ ចំនួន៧ រួមមាន៖ ១-គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិឆ្ពោះទៅរកការលើកកម្ពស់រដ្ឋាភិបាលអេឡិចត្រូនិក, ២-គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន ,៣-គម្រោងស្នើសុំនាវាសម្រាប់វាស់ស្ទង់ជលធារសាស្ត្រ សម្រាប់ផលិតផែនទីនាវាចរណ៍អេឡិចត្រូនិក ,៤-កំណត់ហេតុរួមរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍ជប៉ុន ស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងប្រទេសកម្ពុជា ,៥-អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ស្តីពី កិច្ចសហប្រតិបត្តិការនៃការទូទាត់ឆ្លងដែនតាមរយៈQR Code ,៦-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Minebea Mitsumi និងក្រុមហ៊ុន SchneiTec ស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោងថាមពលព្រះអាទិត្យ (សូឡា) និង៧-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយនឹង ក្រុមហ៊ុន erex Co. Ltd និងក្រុមហ៊ុន SPHP (Cambodia) ស្ដីពីកិច្ចសហប្រតិបត្តិការលើ គម្រោងថាមពលជីវមាស ៕