គ្រោះថ្នាក់ចរាចរណ៍កំពុងក្លាយជាជំងឺដងផ្លូវមួយដែលគួរឱ្យខ្លាចនិងកំពុងក្លាយជាបន្ទុកមួយដែលនាំឱ្យសង្គមខាតបង់យ៉ាងច្រើនទាំងធនធានមនុស្ស សម្ភារៈ និងថវិកាជាតិ។ អ្វីដែលគួរឱ្យខ្លាចជាងនេះទៅទៀតនោះគឺ “បុកហើយរត់រួចឱ្យលុយបិទមាត់ជនរងគ្រោះនិងបិទអ្នកកាសែតអនឡាញ”។ តើបុកហើយរត់រួចបង់លុយជាថ្នូរនឹងការបញ្ចប់បញ្ហា ជាដំណោះស្រាយល្អសម្រាប់ជនរងគ្រោះឬទេ? តើលុយ អំណាច និងច្បាប់មួយណាធំជាង?
តទៅនាំគេគ្នាផឹកតែជជែកពិភាក្សាបន្តិចជុំវិញបញ្ហាបុករត់ហើយឱ្យលុយបញ្ចប់រឿង។ ដំបូងគេសុំយកបញ្ហាពីរមកជជែកគ្នា។ ទី១ គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយអចេតនាក្នុងស្ថានភាពមិនស្រវឹង។ទី២ គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើយដោយអចេតនាក្នុងស្ថានភាពស្រវឹង។ មែនទែនទៅ ពេលខ្លះគេពិតជាពិបាកបែងចែកណាស់រឿងចេត្តនាឬអចេត្តនា។ ព្រោះអ្នកបើកបរខ្លះស្រវឹងស្ទើរបើកភ្នែកមិនរួចពេលជិះបុកគេលើដងផ្លូវប៉ូលិសចាប់បានឆ្លើយថា “អចេត្តនា” ហើយបង់លុយបញ្ចប់រឿង។
ទាញពែងតែលើផឹកដោយកែវភ្នែកមើលទៅខាងមុខបែបសញ្ជឹងគិតវែងឆ្ងាយ អ្នកវិភាគសង្គមនិងសិទ្ធិមនុស្សម្នាក់និយាយថា គ្រោះថា្នក់ចរាចរណ៍នៅកម្ពុជាបានបង្កប់រឿងពីរគួរឱ្យបារម្ភ។ ទី១ គំនុំបុគ្គលតែច្នៃជារឿងគ្រោះថ្នាក់ចរាចរណ៍ និងទី២រឿងគ្រោះថ្នាក់បុកស្លាប់ភាគច្រើនកើតចេញមនុស្សស្រវឹងស្រាខ្លាំង។ ស្រវឹងស្រាខ្លាំងពេលខ្លះបុគ្គលនោះឈរទប់ខ្លួនមិននឹងហើយដើររេរាំដូចដើមស្រល។ ហើយគេសង្កេតឃើញទៀតថា អ្នកមានលុយនិងមានអំណាចតែងយកលុយបិទមាត់ប៉ូលិស បិទមាត់កាសែតអនឡាញ បិទមាត់ជនគ្រោះ និងរួមទាំងអាចបិទបណ្តឹងអាជ្ញានៅតុលាការបានទៀតផង។
អ្នកនិយមផឹកតែនៅផ្លូវកម្ពុជាក្រោមម្នាក់បង្ហើបលេងបែបចំអកថា “ទឹកលុយនិងអំណាចបានជះឥទ្ធិពលខ្លាំងនៅក្នុងសង្គមកម្ពុជា រហូតក្លាយអាចចង្អុលឱ្យខ្មោចកិនម្សៅបាន”។ ជាមួយភាសាបែបមិត្តភក្តិលោក សំ បញ្ញា បន្ទរតាមពីក្រោយថា “បើហែងមានលុយនិងអំណាចក៏ប្រើដូចតែគ្នាហ្នឹងពេលមានបញ្ហាអាសន្នកើតឡើង”។ សំលេងនៃសំដីក្នុងកាយវិការស្និទ្ធស្នាលលោបន្តថា “អាណាចង់បុកគេស្លាប់ហា៎! តែពេលខ្លះ រឿងស៊យកើតឡើងដោយមិនបានព្រៀងទុកនិងដឹងជាមុន”។
ឆ្លើយតបដោយចំវិញភ្លាមៗ អ្នកជំនាញផ្នែកចរាចរណ៍និយាយថា “បើហែងស្រវឹងកុំបើកឡានទៅវាថី ហែងប្រកាច់បើកធ្វើអី…!” រកគេឱ្យជួយបើក ឬក៏ជិះឡានតាក់ស៊ីទៅ មិនមានបញ្ហាអ្វីទេនេះជាសំដីរបស់ លោក ចាន់ ឡេង។ លោកបន្តថា ពេលស្រវឹងច្បាប់ចរាចរណ៍ផ្លូវគោកបានចែងច្បាស់ថា “ហាមបើកបរ”។ លោកបន្តថា មាត្រា ៨២ នៃច្បាប់ចរាចរណ៍ផ្លូវគោកបានចែងពីករណីបង្កឲ្យស្លាប់ដោយអចេតនាថា “ជនណាបើកបរដោយបង្កអោយស្លាប់ដល់អ្នកដទៃដោយអចេតនាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពីមួយ(១)ឆ្នាំទៅបី(៣)ឆ្នាំ រឺ/និងផ្តន្ទាទោសពិន័យជាប្រាក់ពី ពីរលាន(២.០០០.០០០)រៀល ទៅប្រាំមួយលាន(៦.០០០.០០០)រៀល។ ហើយត្រូវផ្តន្ទាទោសដល់កំរិតអតិបរមាក្នុងករណីដែលការប្រព្រឹត្ត បទល្មើសស្ថិតក្នុងស្ថានភាពណាមួយក្នុងចំនោមស្ថានភាពដូចតទៅ ១.បើកបរដោយគ្មានប័ណ្ណ បើបរ រឺមានប័ណ្ណបើកបរតែមិនត្រឹមត្រូវតាមការកំនត់។ ២. ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាកុលចាប់ពី០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់រឺចាប់ពី ០,៨០ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។ ៣. បណ្តាលអោយមានស្លាប់មនុស្សច្រើននាក់។ ៤. រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបនងគេចវេសពីការទទួលខុសត្រូវ។ ហើយមាត្រា៨៣បានចែងថា ករណីបង្កឲ្យមានរបួសពិការ ឬស្លាប់ដោយចេតនា ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន”។
ក្រោយបាននិយាយគ្នាយ៉ាងតឹងសរសៃកដោយសំលេងខ្លាំងៗរួចមកស្ថានភាពក៏រាងស្ងាត់ទៅវិញ។ ដោយបែរស្ថានការណ៍ហើយបន្តនិយាយគ្នារឿងលុយ១ពាន់ដុល្លារបិទមាត់ជនរងគ្រោះកាលពីពេលកន្លងទៅថ្មីៗទៅកន្លងទៅនេះ។ អ្នកខ្លះនិយាយថា “ខ្មោចមនុស្សមានតម្លៃថោកជាងគោមួយក្បាលផង។” បន្តដោយចម្អន់ចំៗថា “ជិះឡានJeep ក្នុងស្ថានភាពស្រវឹងក្រោយចេញពីជប់លាងកូនពូជបានបុកគេស្លាប់យ៉ាងអណោចអធម”។ ហើយបុរសដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរចារណ៍នោះ“មានកូនខ្ចីក្នុងបន្ទុកទៀតផង”។ ស្ត្រីរងគ្រោះជាភរិយាបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះជាភាសាអង់គ្លេស JUPPY ថា “លោកព្រហ្ម វិចិត្រសុភា លោក ព្រហ្ម វិចិត្រសុភា លោកចូលបុណ្យសព១០០០$ ហើយលោកសូមអោយដកពាក្យបណ្តឹង បើមិនដកនិងខូចអនាគតទាំងសងខាង លោកចង់គំរាមហ៎? ហើយលោកមកប្រាប់ពួកខ្ញុំដែលជាគ្រួសារសពអោយកាត់ចិត្តទៅ ??? លោក ព្រហ្ម វិចិត្រសុភា ខ្ញុំឱ្យលោកបែបនិងវិញលោកព្រមអត់ ???បើសិនជារូបសពជារូបកូនលោកតើលោកមានអារម្មណ៍បែបណា?? លោកកាត់ចិត្ត និងទទួលយកបានទេ ??? លោកនិងក្រុមគ្រួសារ ជាពិសេសកូនរបស់លោកព្រហ្ម វិចិត្រសុសក្តា (ឃាតករ) តើលោកហែលទឹកភ្នែកពួកខ្ញុំរួចទេ ?? ខ្ញុំមិនឱ្យប្តីល្អរបស់ខ្ញ៉ំស្លាប់ទៅបែបនេះទេ យុត្តិធម៌ត្រូវតែមានសំរាប់ប្តីខ្ញុំ បាបបកម្មនិងធ្លាក់ទៅលើលោកនិងក្រុមគ្រួសារលោក ជាពិសេសអាឃាតករ អាតិរិច្ឆាន”។
ករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាកើតឡើងរាល់ថ្ងៃ។ ហើយខាតបង់លុយជាតិអស់រាបលានដុល្លារក្នុងមួយឆ្នាំៗ។ តែបើគេមើលឱ្យជ្រៅនិងប្រៀបធៀបស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ គឺវាកើតឡើងគ្រប់ប្រទេសទាំងអស់នៅជុំវិញពិភពលោក។ ប៉ុន្តែអ្វីដែលខុសគ្នាគឺការទទួលខុសត្រូវចំពោះច្បាប់និងសំណងជាក់ស្តែង។ នៅខ្មែរគេសង្កេតឃើញថា “អ្នកបុកគេទោះបីស្លាប់ឬរស់ក៏ដោយ គឺតែងរត់ចេគខ្លួនសិន”។ ព្រោះបើនៅនឹងកន្លែងហេតុ គឺអាចប្រឈមមុខនឹងធ្វើបាបពីមនុស្សជុំវិញឬសាច់ញាតិជនគ្រោះជាដើម។ យ៉ាងណាក៏ដោយមនុស្សស្លាប់គឺមិនអាចរស់ឡើងវិញទេ តែអ្នកនៅរស់ក៏មិនគួរមើលងាយមនុស្សដែលបានស្លាប់ទៅហើយ ដោយគ្រាន់តែបង់ត្រឹមលុយ១០០០ដុល្លារអាមេរិក ដើម្បីបញ្ចប់រឿងនិងរួចទោសពីបណ្ដឹងអាជ្ញានៅតុលាការនោះឡើយ។ ឃ្លាបុរាណមួយបានពោលថា “អ្នកមានរក្សាខ្សត់ដូចសំពត់ព័ន្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅដូចសំពៅពឹងសំប៉ាន” បើគេយកឃ្លានេះមកប្រៀបធៀបដូនតាខ្មែរចង់ប្រាប់ថា “អ្នកមានមិនគួរប្រមាថអ្នកក្រខ្សត់នោះទេ”។ ជាកវីដ៏ល្បីសម័យសន្តិភាពឯកឧត្តម ម៉ៅ អាយុទ្ធ កើតឆ្នាំ១៩៤៤ នៃខេត្តកំពង់ចាម បានបង្កើតឃ្លាមួយថា “លុយជានុយទាញឡើងធំនិងអាចទាញឱ្យធ្លាក់ចុះក្រោមបានដូចគ្នា”៕
អត្ថបទដោយ៖ លោក សិរី មុនី