ព័ត៌មានជាតិ

លោក វង្សី វិស្សុត និងទូតជប៉ុន ប្រកាសបិទបញ្ចប់គម្រោងអាណត្តិកេរដំណែល មជ្ឈមណ្ឌលតម្កល់ឯកសារ សាលាក្តីខ្មែរក្រហម

 ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួម ធ្វើជាអធិតីភាពក្នុងកម្មវិធីបិទបញ្ចប់ «គម្រោងអាណត្តិកេរដំណែល របស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា» ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និងដៃគូសហការអន្តរជាតិ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាកម្ពុជា (អ.វ.ត.ក)ផងដែរ។
 
ជាមួយគ្នានេះ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ការគាំទ្រ សម្រាប់ដំណើរការកាត់ក្តី របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា, ការជួយសាងសង់អគារមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (ម.ត.ឯ.ច.) និងការអនុវត្តគម្រោងពាក់ព័ន្ធនានា ដែលមានសារៈសំខាន់ក្នុងកិច្ចការនេះ។
 
ទន្ទឹមនឹងនេះលោក ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ចាប់តាំងពីរបបខ្មែរក្រហម ត្រូវបានផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា តែងមានការប្តេជ្ញាចិត្ត និងផ្តល់អាទិភាពខ្ពស់ក្នុងការស្វែងរកការពិត ផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងបញ្ចប់នូវវប្បធម៌និទណ្ឌភាព ចំពោះឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នង ដែលបានសម្លាប់រង្គាល នូវជីវិតប្រជាជនកម្ពុជាជាង៣លាននាក់។

លោក វង្សី វិស្សុត បានលើកឡើងថា កម្ពុជាបំពេញបាននូវកាតព្វកិច្ចយ៉ាងពេញលេញ និងបានរួមចំណែកដល់ «គោលការណ៍សាកល របស់ អ.ស.ប. នៃការទទួលខុសត្រូវ ដើម្បីការពារប្រជាជនរបស់ខ្លួន ពីឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលរួមមាន៖ អំពើប្រល័យពូជសាសន៍, ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ, ឧក្រិដ្ឋកម្មសង្រ្គាម, និងអំពើបោសសម្អាតជាតិពន្ធុ (Ethnic Cleansing) ជាដើម។
 
លោក វង្សី វិស្សុត បន្តទៀតថា សមិទ្ធផលដែលកម្ពុជាសម្រេចបាន មិនអាចកាត់ផ្ដាច់បានពីការចូលរួមយ៉ាងសកម្មក្នុងការជួយគាំទ្រ និងផ្ដល់កិច្ចសហការគ្នា បានយ៉ាងល្អពីអង្គការសហប្រជាជាតិ, សហ-គមន៍ អន្តរជាតិ និងប្រទេសជាមិត្តផ្សេងៗ ក្នុងការជំរុញដំណើរការវិនិច្ឆ័យ ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ពីអំពើដ៏សាហាវឃោរឃៅ របស់របបខ្មែរក្រហម ។
 
លោក វង្សី វិស្សុត បានគូសបញ្ជាក់ទៀតថា ជាមួយនឹងលទ្ធផលប្រកបដោយជោគជ័យនៃ ដំណើរការកាត់សេចក្តី នៃរបបខ្មែរក្រហម និងការទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ ព្រមទាំងអនុលោម ទៅនឹងស្មារតីនៃ «កិច្ចព្រមព្រៀងបន្ថែម ស្តីពីការរៀបចំ ក្នុងពេលអន្តរកាល និងការបញ្ចប់ការងារ របស់អង្គជំនុំជម្រះវិសាមញ្ញ» រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ, អ.វ.ត.ក ត្រូវបានផ្តល់អាណត្តិបន្ថែម ឱ្យអនុវត្តមុខងារសេសសល់ សម្រាប់រយៈពេលបីឆ្នាំដំបូងពីឆ្នាំ២០២៣-២០២៥ ដែលមានជាអាទិ៍៖ ការងារគតិយុត្ត, ការងារថែរក្សាទុក និងការគ្រប់គ្រងបណ្ណសារ នៃសំណុំរឿងទាំងអស់ តាមស្តង់ដារអន្តរជាតិ និងការផ្សព្វផ្សាយព័ត៌មាន ឱ្យបានទូលំទូលាយ ដល់សាធារណជន រួមទាំងការបង្កើតឱ្យមាន «មជ្ឈមណ្ឌលធនធានរបស់អ.វ.ត.ក.»។
 
លោក វង្សី វិស្សុត បានបន្តទៀតថា តាមរយៈភាពជោគជ័យរបស់ អ.វ.ត.ក.បានធ្វើឱ្យលោកស្រី CARMEN Moreno អតីតអគ្គរដ្ឋទូត សហភាពអឺរ៉ុប និងលោក SCHEUER Joseph អ្នកសម្របសម្រួលអ.ស.ប. ប្រចាំនៅកម្ពុជាបានលើកឡើងជាទស្សនៈថា កម្ពុជាមិនមែនជាប្រទេសក្រីក្រទៀតទេ ទាំងធនធាន និងបទពិសោធ ជាពិសេស ជាប្រទេសមានសក្តានុពលជាងគេ ក្នុងតំបន់ ទាក់ទងទៅនឹងការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ ព្រមទាំងមានសមិទ្ធផលធំៗ ដូចជា ការកាត់សេចក្តីប្រកបដោយជោគជ័យនៃរបបខ្មែរក្រហម។ បច្ចុប្បន្ន កម្ពុជាដែលមានអំណាចទន់ (Soft Power) ក្នុងដៃ គួរមានមហិច្ឆតា និងដើរតួរឱ្យកាន់តែសកម្មនាំមុខគេ ដើម្បីចែករំលែកបទពិសោធ និងសមិទ្ធផលទាំងអស់របស់ខ្លួន ទៅលើឆាកតំបន់និងអន្តរជាតិ៕

To Top