ព័ត៌មានជាតិ

តំបន់មួយចំនួន របស់កម្ពុជា នឹងចុះត្រជាក់ដល់១៥អង្សាសេ ចាប់ពីថ្ងៃ២១-២៤ ធ្នូ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣បានប្រកាសថា ចាប់ពីថ្ងៃទី២១-២៤ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តមួយចំនួនរបស់កម្ពុជា នឹងចុះត្រជាក់ចន្លោះពី១៩ ដល់១៥អង្សាសេ។

សេចក្តីជូនដំណឹងដដែល បានបញ្ជាក់ថា សម្រាប់នៅថ្ងៃទី២១ ធ្នូ ប្រព័ន្ធនៃសម្ពាធខ្ពស់ នៅលើប្រទេសចិន បង្កើនឥទ្ធិពលគ្របដណ្តប់លើកម្ពុជា ជាមួយនឹងខ្យល់មូសុង ឦសានបក់ពីបង្គួរទៅខ្លាំង។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យខេត្តមណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ រតនគិរី និងខេត្តប៉ៃលិន មានសីតុណ្ហភាពអប្បបរមាពី ១៥-១៦អង្សាសេ ។

សម្រាប់ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ធំ និងខេត្តស្ទឹងត្រែង មានសីតុណ្ហភាពអប្បបរមាពី ១៧-១៩អង្សាសេ។

ចំណែក នៅរាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀត មានសីតុណ្ហភាពអប្បបរមាពី ២០-២៣អង្សាសេ។

ដោយឡែក នៅលើផ្ទៃសមុទ្រក៏មានខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៧-៩ម៉ែត្រ/វិនាទី និងរលកសមុទ្រមានកម្ពស់ពី១,៥០-២,០០ ម៉ែត្រ។

ដូច្នេះក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន ថែរក្សាសុខភាព ស្លៀកសម្លៀកបំពាក់ឲ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ ៕

To Top