ព្រះពុទ្ធត្រាស់សម្តែងមិនឱ្យសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងសិក្ខាបទសីលប្រាំ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។ ប៉ុន្តែនៅពេលដែលធ្វើដំណើរឆ្លងកាត់ពីទីក្រុងទៅកាន់ទីប្រជុំជននិងជនបទកម្ពុជា គេឃើញស្លាកសញ្ញាស្រាបៀរផ្សព្វផ្សាយយ៉ាងរំភើយ។ ស្លាកសញ្ញាស្រាស្ទើតែគ្រប់ប្រភេទកំពុងរះឡើងត្រដំត្រសងដូចផ្សិតនៅតាមដងផ្លូវតូចធំនិងនៅតាមផ្ទះលក់ចាប់ហួរឬលក់គ្រឿងទេស។ នៅក្រុងនិងទីប្រជុំជនគេឃើញប៉ាណូផ្សព្វផ្សាយស្រាបៀរលាតសន្ទឹងកាត់កណ្តាលផ្លូវជាតិនិងទីសាធារណៈយ៉ាងធំ ហាក់ដូចកំពុងជំរុញនិងលើកទឹកចិត្តឱ្យពលរដ្ឋគ្រប់ស្រទាប់វណ្ណៈគួរតែផឹកស្រា។ ព្រោះស្លាកសញ្ញាទាំងនោះ មានសរសេរថា“ហាមពលរដ្ឋអាយុក្រោម១៨ឆ្នាំ” និងក្មេងតូចៗតែប៉ុណ្ណោះ។
គេមើលឃើញថា ការផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀមានកំណើនលឿនបំផុតក្នុងចំណោមឧស្សាហកម្មផ្សព្វផ្សាយពាណិជ្ជកម្ម។ អ្នកស្រាវជ្រាវអាជីវកម្មនិងអ្នករកស៊ីនៅក្នុងឧស្សាហកម្មនេះឱ្យដឹងថា ថវិកាផ្សព្វផ្សាយពាណិជ្ជកម្មដោយក្រុមហ៊ុនស្រាបៀរនានាកើនឡើងពីរខ្ទង់ប្រចាំឆ្នាំ។ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកចូលចិត្តផឹកស្រាបៀរ ក្រុមហ៊ុនបានជ្រើសរើសយកនិងជះលុយខ្ទង់ពាន់លានដុល្លារឱ្យតារាចម្រៀងល្បីៗ តារាកំប្លែង តារាតិចតុក តារាគុនខ្មែរ អ្នកសារព័ត៌មាន ស្រីស្អាត និងមនុស្សដែលមានភាពល្បីល្បាញនិងមានប្រជាប្រិយនៅក្នុ្ងងសង្គមឱ្យជួយផ្សព្វផ្សាយយ៉ាងកងរំពងពាសពេញផ្ទៃប្រទេស។ មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនបានប្រកួតប្រជែងគ្នានិងផ្សព្វផ្សាយដាក់រង្វាន់ឡាន ម៉ូតូ លុយ ផ្ទះនិង សម្ភារៈផ្សេងៗដើម្បីឱ្យពលរដ្ឋចាប់អារម្មណ៍ទៅលើការផឹកស៊ីកាន់តែខ្លាំង។ ក្រុមហ៊ុនស្រាទាំងនោះបានចំណាយលុយរាប់ម៉ឺនដុល្លារ រៀបចំកម្មវិធីព្រឹត្តិការណ៍ធំៗដូចជាប្រគុំដន្ត្រី កម្មវិធីប្រដាល់គុនខ្មែរ និងកម្មវិធីផ្សេងទៀតស្ទើតែគ្រប់ខេត្តដើម្បីជំរុញឱ្យយុវជននិងពេញវ័យរ៉ាប់ម៉ឺននាក់ចូលរួម។
ជុំវិញបញ្ហានេះលោកជ័យ តិច អ្នកសិក្សាការអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចបានចាត់ទុកការផ្សព្វផ្សាយស្រាបៀរនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះមិនត្រឹមត្រូវនោះទេ។ ហើយថែមទាំងបានបំពុលសង្គមច្រើនជាទីបំផុត។ ទោះបីជាការផ្សព្វផ្សាយរបស់វិស័យឯកជនក៏ពិតមែន តែលោកចាត់ទុកការសផ្សព្វផ្សាយនេះហាក់ដូចជ្រុលហួសហេតុណាស់។ ព្រោះការយល់ដឹងរបស់ពលរដ្ឋនៅមានកម្រិត។ លោកជ័យ តិច សង្កេតឃើញថា ដើម្បីទាក់ទាញចំណាប់អារម្មណ៍និងជំរុញឱ្យផឹក ក្រុមហ៊ុនផលិតស្រាបៀរបានជ្រើសរើសយកគ្រប់មធ្យោបាយទាំងអស់ ទាំងទូរទស្សន៍ វិទ្យុ បណ្តាញសង្គមនិងមនុស្សដែលមានប្រជាប្រិយ៍ដើម្បីផ្សព្វផ្សាយពីផលិតផលស្រា។ កត្តានេះវាបង្កឱ្យមានផលប៉ះពាល់ចំពោះសុខភាពសាធារណជននិងសង្គមជាតិយ៉ាងធ្ងន់ធ្ងរនៅថ្ងៃអនាគត។ តាមការសង្កេតជាក់ស្តែងរបស់លោកជ័យ តិច បច្ចុប្បន្នប្រជាពលរដ្ឋនៅតាមទីជនបទ កំពុងឈ្លក់វង្វេងនឹងការផឹកតាមយករង្វាន់។ ផឹកតាមរង្វាន់រហូតភ្លេចគិតពីផលប៉ះពាល់សតិបញ្ញាស្មារតីរបស់យុវជនដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ។ ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គមនិងសេដ្ឋកិច្ច លោកជ័យ តិច ស្នើដល់ស្ថាប័នពាក់ព័ន្ធជាពិសេសរាជរដ្ឋាភិបាលគួរតែមានវិធានការរឹតបន្តឹងលើការផ្សព្វផ្សាយស្រាយស្រាបៀរ។ លោកបន្តថា ត្រូវដាក់ទោសទណ្ឌចំពោះក្មេងៗដែលមិនគ្រប់អាយុ ត្រូវតម្លើងពន្ធស្រាបៀរឱ្យខ្ពស់ដើម្បីបង្កើនចំណូលជូនរដ្ឋ ត្រូវរឹតបណ្តឹងកន្លែងស្រាបៀរគ្រប់ប្រភេទ និងជាពិសេសត្រូវកាត់បន្ថយភាពងាយស្រួលរកទិញស្រាបៀរនៅតាមទីសាធារណៈ។
ជាមួយគ្នានេះដែរលោក គួច ម៉េងលី ស្ថាបនិកនៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន បានសរសេរលើបណ្តាញសង្គមរបស់លោកកាលពីឆ្នាំ២០២២ថា តាមដងផ្លូវនិងតាមទីសាធារណៈស្ទើរគ្រប់ច្រកល្ហកទាំងអស់ មានបដាស្រាបៀរធំៗ មិនថារាជធានីភ្នំពេញ តាមបណ្ដាខេត្ត ឬនៅតាមស្រុកស្រែចម្ការនោះទេ គឺមានការផ្សព្វផ្សាយអំពីផលិតផលស្រាបៀរយ៉ាងគគ្រឹកគ្រេង។ មិនតែប៉ុណ្ណោះសូម្បីនៅលើកញ្ចក់ទូរទស្សន៍ តាមវិទ្យុ និងតាមប្រព័ន្ធផ្សព្វផ្សាយនានាក្នុងស្រុក ក៏មានការផ្សព្វផ្សាយអំពីផលិតផលស្រាបៀរនេះយ៉ាងទូលំទូលាយ។ ពេលខ្លះលោកកំពុងតែដើរៗក៏ឮដោយចៃដន្យនូវសូរសព្ទសន្ទនាបែបកំប្លែងលេងរបស់យុវជនទៀតថា “ប្រទេសខ្ញុំ ស្រាបៀរខ្ញុំ”។ ពួកគេជល់កែវស្រែកហ៊ោគិល។ បើមិនទាន់បានជល់ គេគាស់យឺតៗរករង្វាន់ដើម្បីបានផឹកឱ្យកាន់តែច្រើនឡើងៗ…។
លោកគួច ម៉េងលីបន្ថែមថា “ដោយសារតែកូនខ្មែរស្នេហានិងមានមោទនភាពនឹងស្រាបៀរបេះដូងខ្មែរជ្រុលពេក ទើបបណ្តាលឱ្យពួកគាត់វិលវល់ក្នុងសង្គមផឹកស៊ី។ ការផឹកស៊ីនេះអាចបណ្តាលឱ្យខូចសុខភាព ប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ប្រើអំពើហិង្សាក្នុងគ្រួសារ ប្ដីវ៉ៃប្រពន្ធ ប្រពន្ធជេរប្ដី គ្រួសារបាក់បែកឬខ្វះភាពកក់ក្ដៅ កូនចៅខ្ជាត់ព្រាត់និងបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដល់ថ្នាក់បាត់បង់អាយុជីវិតរាល់ថ្ងៃ”។ លោកបន្តថា ជនជាតិខ្មែរពិសេសយុវជនពេញកម្លាំងដែលអាចជាស្នូលសង្គមជាតិ បែរក្លាយខ្លួនជាជនប្រមឹក ដុះក្បាលពោះកំពីងៗ និងស្លាប់ខ្លួនតាមដងផ្លូវយ៉ាងឥតន័យខ្លឹមសារ។ សួរថាបើស្លាប់ចោលប្រពន្ធកូន តើប្រពន្ធកូនបាននរណាមើលថែ? បាននរណាចិញ្ចឹម? បាននរណាខ្វាយខ្វល់? បើប្រពន្ធមានប្ដីថ្មី ប៉ះចំអ្នកផឹកស្រវឹងខួបស្រវឹងអួទីនួកូនយើងច្បាស់ជាវេទនាមិនខានទេ។
ទាក់ទិននឹងបញ្ហាខាងលើនេះលោកប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មធ្លាប់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថារហូតមកដល់ពេលនេះ “កម្ពុជាមិនមានច្បាប់ឬបទបញ្ញត្តិណាមួយដែលគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មជាអន្តរក្រសួង-ស្ថាប័នទេ”។ លោកបន្ថែមថាលើកលែងតែការផ្សាយពាណិជ្ជកម្មដែលការប្រកាស ឬការសម្រេចចិត្តរបស់ខេត្តត្រូវបានទាមទារដោយអាជ្ញាធរមូលដ្ឋាន ជាទូទៅគឺមានតែច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ប៉ុណ្ណោះ។ តាមរយៈការអំពាវនាវរបស់សាធារណជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនលើការហាមឃាត់ជាអចិន្ត្រៃយ៍លើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ លោកថា នេះមិនអាចធ្វើបានក្នុងមួយថ្ងៃនោះទេពីព្រោះបញ្ហានេះចាំបាច់ត្រូវសិក្សាឲ្យបានច្បាស់លាស់។
ក្រសួងអប់រំ យុវជននិងកីឡាកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានរៀបចំនូវកម្មវិធីនិយាយជាសាធារណៈស្ដីពី «ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គ្រប់ទម្រង់ គ្រប់រូបភាពក្នុងព្រឹត្តិការណ៍កីឡានិងទីកន្លែងប្រកួតកីឡា» ក្នុងគោលបំណងឱ្យយុវជនបានធ្វើការបញ្ចេញមតិរៀងៗខ្លួនលើបញ្ហានេះ។នាឱកាសនោះសិស្សនិស្សិត បានលើកឡើងស្រដៀងគ្នាថា ឧស្សាហកម្មគ្រឿងស្រវឹងបានប្រើយុទ្ធសាស្រ្តទីផ្សាររបស់ខ្លួនក្នុងការអូសទាញកុមារនិងយុវជន តាមរយៈការផ្សព្វផ្សាយគ្រឿងស្រវឹងលើផ្ទាំងបដាឬអេក្រង់ LED ការដាក់ស្តង់បង្ហាញម៉ាកឬចែកសម្ភារៈមានម៉ាកគ្រឿងស្រវឹង (មួក ឆ័ត្រ អាវយឺត ផ្លិត …)។ តាមរយៈសារនិងរូបភាពទាក់ទាញ ការធ្វើត្រាប់តាមអាយដុលផ្សាយស្រាបៀរ ការផ្តល់គ្រឿងស្រវឹងដោយឥតគិតថ្លៃវាបានជំរុញឱ្យកុមារនិងយុវជនចាប់ផ្តើមប្រើប្រាស់គ្រឿងស្រវឹងច្រើនទាំងនៅវ័យក្មេងខ្ចី។ ហើយជាលទ្ធផលអាចធ្វើឱ្យកុមារនិងយុវជន ទទួលរងនូវការប៉ះពាល់ដល់សុខភាពផ្លូវកាយ ផ្លូវចិត្ត ការលូតលាស់មិនប្រក្រតីនិងមានផលប៉ះពាល់ដល់ការលូតលាស់របស់ខួរក្បាលនិងការសិក្សាផងដែរ។
ជាការពិតណាស់ប្រទេសណាក៏ផលិតស្រាដែរ តែគេមិនផ្សព្វផ្សាយបែបអនាធិបតេយ្យឬផ្សាព្វផ្សាយទូលំទូលាយជ្រុលនិយមដូចប្រទេសយើងពេកទេ។ ប្រជាជនប្រទេសណាក៏គេផឹកស្រាដែរ តែគេមិនផឹកយកស្លាប់រស់ដូចប្រជាជនខ្មែរយើងមួយចំនួនអ៊ីចឹងទេ។ “គេផឹកតិចៗ ដើម្បីទំនាក់ទំនង និងជជែកគ្នាអំពីការងារនិងរឿងរកស៊ី។ ប៉ុន្តែខ្មែរយើងខ្លះ ពួកគាត់ផឹកយកឈ្នះចាញ់ ផឹកទាល់តែគេសែង ផឹកទាល់តែរលេះរលួយគ្រឿងក្នុងឬរលួយថ្លើមជាដើម”។ យ៉ាងណាក៏ដោយគេសង្កេតឃើញថា អាជ្ញាធរខេត្តកំពង់ស្ពឺបានរុះរើផ្ទាំងផ្សព្វផ្សាយស្រាបៀរតាមផ្ទាំងប៉ាន់ណូធំៗចោលទាំងអស់ នៅតាមដងផ្លូវនិងតាមទីតាំងនានា ក្នុងខេតក្តកំពង់ស្ពឺ។ ការឱ្យរុះរើចេញនេះ បានទទួលការគាំទ្រនិងពេញចិត្តជាខ្លាំងពីសាធារជនទូទៅ និងពលរដ្ឋស្នើឱ្យខេត្តផ្សេងទៀតគួរយកគំរូតាមខេត្តកំពង់ស្ពឺ។ ការស្នើឱ្យយកគំរូតាមខេត្តកំពង់ស្ពឺនេះ អាចនឹងជំរុញឱ្យពលរដ្ឋខ្មែរដកឃ្លាបន្ថយផឹកស្រា និងផ្តោតសំខាន់លើការធ្វើការងារ ផ្តោតសំខាន់ការសិក្សាវិជ្ជាជីវៈដើម្បីក្លាយជាពលរដ្ឋល្អនិងជាយុវជនឆ្នើមរបស់ប្រទេសជាតិ៕
អត្ថបទដោយ៖ លោក សិរី មុនី