ព័ត៌មានជាតិ

ក្មេងទំនើងជិត ៧០នាក់ ត្រូវបានក្រសួងមហាផ្ទៃ បង្ក្រាបឃាត់ខ្លួន ត្រឹមមួយសប្តាហ៍ចុងក្រោយនេះ

ភ្នំពេញ ៖ តាមរបាយការណ៍ប្រចាំថ្ងៃ ក្នុងសប្ដាហ៍ ចុងក្រោយ គិតពីថ្ងៃទី១០-១៦ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើង ទូទាំងប្រទេស សរុប ២១ករណី និងឃាត់ខ្លួនជនសង្ស័យបាន៦៨នាក់ ដើម្បីចាត់ការទៅតាមនីតិវិធី ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។

ចំណាត់ការរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាលទ្ធផលនាពេលនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ស្ថាប័នក្រោមចំណុះក្រសួងមហាផ្ទៃដែលមាន អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលរាជធានីខេត្ត អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលនៅទូទាំង ប្រទេសបាននិងកំពុងតែធ្វើការងារ យ៉ាងយកចិត្តទុកដាក់ ដើម្បីធានាបានសន្តិសុខ ក៏ដូចជាសុវត្ថិភាព ជូនប្រជាពលរដ្ឋ ។

អ្នកនាំពាក្យរងរូបនេះបន្តថា ករណីបង្ក្រាបក្មេងទំនើង គឺជាចំណុចអាទិភាពមួយដែលត្រូវដោះស្រាយ នៅទូទាំងប្រទេសក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលដាក់ចេញដោយលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង តាមទស្សនៈ អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។

លោកថា លទ្ធផលនៃចំណាត់ការពីមួយសប្តាហ៍ ទៅមួយសប្តាហ៍គឺត្រូវបានតាមដានយ៉ាង យកចិត្តទុកដាក់ ពីសំណាក់លោកបណ្ឌិត ស សុខា ដោយឧបនាយករដ្ឋមន្ត្រី តែងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង របស់សមត្ថកិច្ច អាជ្ញាធរ ប្រជាការពារ និង តួអង្គពាក់ព័ន្ធទាំងអស់ ព្រមនិងការជំរុញ បន្តធ្វើការយ៉ាងយក ចិត្តទុកដាក់បន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋ ប្រកបដោយការ ទទួលខុសត្រូវ ម្ចាស់ការតាមតួនាទីភារកិច្ច ដោយឆ្លើយតបឲ្យ បានលឿនរហ័ស និងទាន់ពេលវេលាតប ទៅនឹងបទល្មើសនានា ។ ក្នុងនោះ ក៏មិនត្រូវភ្លេចអនុវត្តផែនការសកម្មភាពផ្សាព្វផ្សាយអប់រំ ទប់ស្កាត់បង្ការ គ្រប់យន្តការជាមុនផងដែរ ៕

To Top