ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា វិស័យធនាគារ គឺពិតជាមានសារៈសំខាន់ ក្នុងគ្រាប្រសិទ្ធភាព នៃដំណើរការប្រព័ន្ធធនាគារ គឺធានាសុខភាព របស់សេដ្ឋកិច្ចជាតិ។
នាឱកាសអញ្ជើញជាអធិបតីសម្ពោធជាផ្លូវការ អគារស្នាក់ការកណ្តាល វីងថៅវើ (Wing Tower) នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់វិស័យ ធនាគារទាំងអស់នៅកម្ពុជា ពិនិត្យការផ្ដល់សេវាកម្ម របស់ខ្លួនកាន់តែច្រើនថែមទៀត ។
សម្ដេចមានប្រសាសន៍ថា «វិស័យធនាគារ គឺសំខាន់ណាស់ ដូចខ្ញុំលើកឡើងក្នុងកិច្ចប្រជុំ គឺជាឈាម ពាក្យសាមញ្ញ គឺអត់លុយ ធ្វើអ្វីក៏អត់កើតដែរ ប៉ុន្ដែមានថវិកា មានលុយហើយ អត់មានការគ្រប់គ្រងច្បាស់លាស់ យន្ដការក្នុងការផ្ទេរផ្ទង់ ការចល័ត គឺវាពិបាកដែរ ។ អីចឹងធនាគារ ដើរតួនាទីសំខាន់ណាស់ ក្នុងការបង្វិល ការប្រមូលធន និងការបង្វិលវាទៅក្នុង ការគាំទ្រដល់ដំណើរសេដ្ឋកិច្ច ។ អីចឹងប្រសិទ្ធភាព ដំណើរការនៃប្រព័ន្ធធនាគារយើង គឺធានាសុខភាព របស់សេដ្ឋកិច្ចរបស់យើង»។
សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានប្រៀបធៀបថា ធនាគារ គឺដូចបេះដូង (ប្រមូលឈាមមក គឺបញ្ចេញឈាមទៅវិញ ដើម្បីចិញ្ចឹមសេរីរាង្គ) បើបេះដូង មិនល្អ គឺសុខភាព ក៏មិនល្អដែរ៕