ព័ត៌មានជាតិ

លោក សំ វិច្ឆិកា ៖ បើឪពុក-ម្តាយបានឃើញសារឧត្តមសេនីយ៍ឯក ជួន ណារិន្ទហើយ ត្រូវនាំកូនឈ្មោះ ព្រហ្ម វិចិត្រសុសក្តា មកសារភាព

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានផ្តាំផ្ញើទៅឪពុក-ម្តាយ ឬអាណាព្យាបាល និងក្រុមគ្រួសារបើបានឃើញសាររបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អំពាវនាវឲ្យនាំខ្លួនជនសង្ស័យ ឈ្មោះ ព្រហ្ម វិចិត្រសុសក្តា មកបង្ហាញខ្លួន ដើម្បីសារភាពកំហុសឆ្គងដែលបានប្រព្រឹត្តបទល្មើសបើករថយន្តបុកមនុស្សស្លាប់ សុំអនុវត្តតា​មការអំពាវនាវផង ។

លោក សំ វិច្ឆិកា បានបញ្ជាក់បន្ថែមប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២០ ធ្នូ តាមការចេញសាររបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ កាលពីរាត្រីថ្ងៃ១៩ ធ្នូថា ករណីជនសង្ស័យ ព្រហ្ម វិចិត្រសុសក្តា នឹងមិនបន្ធូរបន្ថយដៃឲ្យឡើយ ត្រូវតែអនុវត្តឲ្យបានម៉ឹងម៉ាត់បំផុតដោយមិនឲ្យជនបង្ករត់គេចខ្លួនបានមួយជីវិតនោះទេ ដូច្នេះឪពុក-ម្តាយ និងសាច់ញាតិជនសង្ស័យ ត្រូវនាំកូនមកសារភាព ។

លោកសង្កត់ធ្ងន់ថា “ចឹងបើសិនជាគាត់(ឪពុក-ម្តាយ និងជនសង្ស័យ) បានឃើញបានដឹងអំពីសារនេះហើយ សូមឲ្យគាត់ប្រញាប់ចូលខ្លួនមកសារភាព ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់”។

លោកបន្តថា ក្នុងករណីជនសង្ស័យ ព្រហ្ម វិចិត្រសុសក្តានេះ គេចវេសមិនព្រមចូលខ្លួនមកសារភាពកំហុស តាមដីកាបញ្ជារបស់មហាអយ្យការអមសាលាដំបូងរាជធានីភ្នំពេញទេ សមត្ថកិច្ចនឹងអនុវត្តវិធានការស្វែងរកឃាត់ខ្លួនមកផ្តន្ទាទោស។

​បន្ទាប់ពីបានបើកបុកបុរសម្នាក់ស្លាប់ភ្លាមៗកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវប្រសព្វ លើផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជនសង្ស័យឈ្មោះ ព្រហ្ម វិចិត្រសុសក្តាបានរត់គេចខ្លួន ។ យុវជនបង្កដែលកើតនៅឆ្នាំ២០០០ ត្រូវបានសាក្សីនៅកន្លែងកើតហេតុឃើញថា បានបើករថយន្តរបស់ខ្លួនម៉ាក់Jeep ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2CB-9963 ប្រណាំងជាមួយរថយន្តស៊េរីទំនើបមួយគ្រឿងទៀតដែលត្រូវជាមិត្តភិក្តនឹងគ្នា ហើយក៏បុកម៉ូតូធ្វើឲ្យបុរសកំពុងជិះម៉ុតូធ្វើឲ្យស្លាប់តែម្តង ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឲ្យមានការបញ្ចេញមតិយោបល់ផ្សេងៗគ្នា នៅតាមបណ្ដាញសង្គម ក្នុងគ្រាដែលអ្នកបើកបររថយន្ដបង្ក បានព្យាយាមគេចខ្លួន​ ក្រោយកើតហេតុឪពុកជនបង្កឈ្មោះ ព្រហ្ម វិចិត្រសភាដែលជាមេធាវីមួយរូប ព្រមទាំងលោកស្រី សុខ លីណា ត្រូវជាម្តាយបានគំរាមក្រុមគ្រួសារជនរងគ្រោះមិនឲ្យដាក់ពាក្យបណ្ដឹង ជាថ្នូរជាមួយលុយ១០០០ដុល្លារចូលបុណ្យសពដើម្បីបញ្ចប់រឿង ៕

To Top