ភ្នំពេញ៖ ការចម្លងសំបុត្រកំណើត នៅតែជាបញ្ហាក្នុងសង្គមមួយ ដែលបង្ករភាពលំបាក ដល់ប្រជាពលរដ្ឋ ក្នុងការចំណាយពេលវេលាធ្វើដំណើរ ទៅកាន់ទីតាំងដើម ដែលពួកគាត់បានកើត។ ឧទាហរណ៍ បុគ្គល«ក» កើតនៅរាជធានីភ្នំពេញ ហើយត្រូវផ្លាស់លំនៅឋានទៅធ្វើការ ឬស្នាក់នៅតាមបណ្ដាខេត្តនានា ដូចជា រតនៈគិរី មណ្ឌលគិរី ស្ទឹងត្រែង ជាដើម ។ល។ ពេលមានតម្រូវការ ចម្លងសំបុត្រកំណើត គេត្រូវចំណាយពេលវេលាជាច្រើន សម្រាប់ធ្វើដំណើរមកទីកន្លែងកំណើតវិញ ដើម្បីពិនិត្យឈ្មោះ ដែលបានចុះក្នុងគល់បញ្ជី។
ពលរដ្ឋម្នាក់ ក្នុងចំណោមអ្នកធ្លាប់ជួបបញ្ហាខាងលើ បានផ្ញើសារមកកាន់ព័ត៌មានដើមអម្ពិល ដោយលើកឡើងជាសំណូមពរថា «សូមជួយនិយាយរឿងនេះ៖ រឿងថតចំឡងសំបុត្រកំណើត យើងមានសំបុត្រកំណើតច្បាប់ដើមហើយ សូមថតចំឡងនៅសង្កាត់ណាក៏បានដែរទៅ សង្កាត់ថ្មីដែលយើងរស់នៅ ខុសពី សង្កាត់ដើម ដែលយើងកើតព្រោះអីកន្លងមកយើងកើតនៅភ្នំពេញ ហើយផ្លាស់ទីលំនៅ ទៅធ្វើការនៅរតនគីរី ដល់ត្រូវថតចំឡងសំបុត្រកំណើតប្រើការ អោយមកធ្វើនៅសង្កាត់ដើម វាពិបាកណាស់ ហើយកំណត់ធ្វើអោយតែ៣សន្លឹកទៅទៀត»។
ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋ សង្ឃឹមនិងទន្ទឹងរងចាំ ការសម្របសម្រួល ណាមួយឱ្យមានភាពល្អប្រសើរ ពីភាគីពាក់ព័ន្ធទាំងអស់ ឱ្យសមជាប្រទេសរីកចម្រើន ផ្នែកបច្ចេកវិទ្យា ឌីជីថល៕