ភ្នំពេញ ៖ អនុព័ន្ធការងារអមស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានបង្កើតបណ្តាញសង្គម និងទំនាក់ទំនងទូរស័ព្ទពិសេស ដើម្បីបង្កើននូវប្រសិទ្ធភាពការទទួលទូរស័ព្ទ ពិគ្រោះយោបល់ និងឆ្លើយតបសារក្នុងការ ដោះស្រាយបញ្ហាផ្សេងៗ បន្ទាន់ ជូនបងប្អូនពលករកម្ពុជា ដែលកំពុងស្នាក់ និងធ្វើការនៅប្រទេសថៃ ។ នេះបើតាមការផ្សព្វផ្សាយ របស់អនុព័ន្ធការងារ អមស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នៅលើបណ្តាញសង្គមនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ ។
បើតាមការផ្សព្វផ្សាយដដែល បញ្ជាក់ថា ពលករកម្ពុជា អាជីវករ ព្រះសង្ឃ និងនិស្សិតទាំងអស់ដែលកំពុងរស់នៅប្រទេសថៃ អាចទំនាក់ទំនងតាមបណ្តាញ សង្គម ហ្វេសប៊ុកផេក (Facebook Page) ដែលមានឈ្មោះថា «អនុព័ន្ធការងារអមស្ថានទូត កម្ពុជានៅថៃ ผู้ช่วยทูตฝ่ายแรงงาน Labour Attaché REC» ពលរដ្ឋខ្មែរទាំងអស់អាចចូលរួម ក្នុងក្រុមតេឡេក្រាម ដែលមានបណ្តាញភ្ជាប់ https://t.me/lathailand និង បណ្តាញសង្គម ឡាញ Line ID: Labour1234 ។
បន្ថែមពីនេះ បើបងប្អូនពលករខ្មែរ នៅប្រទេសថៃ មានចម្ងល់ពាក់ព័ន្ធ នឹង ជំនួយផ្នែកច្បាប់ បម្រាម សិទ្ធិ និងអត្ថប្រយោជន៍ ផ្សេងៗ ពាក់ព័ន្ធនឹង ការស្នាក់នៅ និងធ្វើការដោយស្របច្បាប់ នៅក្នុងប្រទេសថៃ ក៏អាចពីគ្រោះយោបល់ មកកាន់ក្រុមអនុព័ន្ធការងារតាមរយៈលេខទូរស័ព្ទបន្ថែម ដូចជា ផ្នែកកិច្ចការអនុព័ន្ធការងារ តាមរយៈលេខទូរស័ព្ទ 094-0925-905, 094-416 5518 ផ្នែកកិច្ចការកុងស៊ុល លេខទូរស័ព្ទ 092-8050-561៕