ភ្នំពេញ៖ ក្នុងសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្សាយជាសាធារណៈ នាថ្ងៃទី២០ធ្នូ ផ្ញើជូន វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ បានផ្តល់អនុសាសន៍៧ចំណុច ដើម្បីជាមូលដ្ឋាន ក្នុងការពិភាក្សាដោះស្រាយបញ្ហាប្រឈមដែលពាក់ព័ន្ធការបំពានក្រមសីលធម៌ វិជ្ជាជីវៈ ការផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់ បង្កឲ្យកើតមាន អរិភាព ការបែកបាក់សាមគ្គីភាពជាតិ ។
អនុសាសន៍ទាំង៧ចំណុច របស់សម្តេចធិបតី រួមមាន៖
១- បន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើ ការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន។
២- ផ្ដល់ព័ត៌មានពិត ដល់សាធារណជនជាតិ-អន្តរជាតិ អំពីសភាពការណ៍ពិត នៅកម្ពុជា និងផ្សព្វផ្សាយ គោលនយោបាយ របស់រាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ និងនាំព័ត៌មានពីប្រជាពលរដ្ឋមកកាន់ រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
៣- ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំង អំពីភាពពិតជាក់ស្ដែង និងភាពអសកម្មនៅក្នុងសង្គម ដើម្បីរាជរដ្ឋាភិបាល ដោះស្រាយបញ្ហាចំគោលដៅ មានប្រសិទ្ធភាព ស្របតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល។
៤- ផ្សព្វផ្សាយអប់រំដល់សាធារណជន អំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃការប្រើប្រាស់ គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ ការប្រើប្រាស់គ្រឿងញៀន និងរក្សាសុវត្ថិភាពសង្គម។
៥-បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម អាចធ្វើឱ្យប្រទេសជាតិ អស្ថិរភាពនយោបាយ ចលាចល ភាពវឹកវរ និងបាត់បង់សណ្តាប់ធ្នាប់សង្គម។
៦- ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ផ្សាយព័ត៌មានពិត មានតុល្យភាព គ្រប់ជ្រុងជ្រោយ ចៀសវាង ការផ្សព្វផ្សាយព័ត៌មានដែលធ្វើឱ្យខូចផលប្រយោជន៍ជាតិនិងបាត់បង់ទំនុកចិត្តពីសាធារណជន។ និង៧- បណ្តុះបណ្តាលសមត្ថភាពជំនាញ របស់អ្នកសារព័ត៌មាន ទាំងបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បី លើកកម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់វិស័យព័ត៌មាន និងកិត្យានុភាពស្ថាប័នសារព័ត៌មាន។
ក្នុងនោះដែរ សម្តេចធិបតី បានសង្ឃឹមយ៉ាងមុតមាំថា វេទិកា និពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០២៣ នឹងផ្តល់នូវលទ្ធផល ប្រកបដោយផ្លែផ្កា ដើម្បីបន្តជំរុញអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ឲ្យកាន់តែមានការរីកចម្រើនមួយកម្រិតថែមទៀត៕