ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា មានប្រសាសន៍ថា កម្ពុជាបន្តគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយចិនតែមួយ ហើយចាត់ទុកចិន ជាបងប្អូនល្អ មិត្តភក្តិល្អ ដៃគូល្អ និងជាអ្នកជិតខាងល្អ។
នាឱកាសអញ្ជើញទទួលជួបលោក កាវ អ៊ីនឡុង អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សម្តេចប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ថា ឆ្នាំ២០២៣នេះ គឺជា «ឆ្នាំមិត្តភាព កម្ពុជា-ចិន» និងជាខួបអនុស្សាវរីយ៍លើកទី៦៥ ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន។ ប្រទេស និងប្រជាជនទាំងពីរ បានរួមគ្នាប្រារព្ធពិធីអបអរសាទរជាច្រើន ដើម្បីបង្កើនការយល់ដឹងពីវប្បធម៌ និងជីវភាពរស់នៅរវាងគ្នាទៅវិញទៅមក ហើយថ្នាក់ដឹកនាំប្រទេសទាំងពីរបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន។
សម្តេចប្រមុខរដ្ឋស្តីទី បានថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនចិន តាមរយៈការផ្តល់ជំនួយនានា បានធ្វើឱ្យកម្ពុជាមានការវិវត្តដ៏ឆាប់រហ័សក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបានជួយពង្រឹងឯករាជ្យភាពរបស់កម្ពុជា។ សម្ដេចថា «កម្ពុជា បន្តគោរពយ៉ាងខ្ជាប់ខ្ជួននូវ គោលនយោបាយចិនតែមួយ ហើយចាត់ទុកប្រទេសចិនជាបងប្អូនល្អ មិត្តភក្តិល្អ ដៃគូល្អ និងជាអ្នកជិតខាងល្អ»។
សម្តេចប្រមុខរដ្ឋស្តីទីក៏បានអបអរសាទរប្រកបដោយមោទកភាពយ៉ាងក្រៃលែងចំពោះជោគជ័យធំៗ ទាំងឡាយ ដែលសម្រចបានដោយការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន នាពេលកន្លងមក។ ក្នុងនាមព្រឹទ្ធសភា សម្តេច បានបន្តគាំទ្រចំពោះផែនការសកម្មភាពនៃផែនការសកម្មភាពកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគ្គសម័យថ្មី (២០២៤-២០២៨) ដែលមានកិច្ចសហប្រតិបត្តិការគ្របដណ្តប់លើពហុវិស័យ។
ប្រមុខរដ្ឋស្តីទី រីករាយដែលបានមើលឃើញនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរមានរីកចម្រើនជាលំដាប់។ ដើម្បីចូលរួមដល់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឲ្យកាន់តែទទួលបានជោគជ័យធំៗ ក្នុងយុគ្គសម័យថ្មី សភានៃប្រទេសទាំងពីរគួរតែបង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិឲ្យកាន់តែខ្លាំងក្លាជាងមុនទៀត។
សម្តេចប្រមុខរដ្ឋស្តីទីកត់សម្គាល់ថា តាមរយៈកិច្ចព្រមព្រៀងភាពនានា កម្ពុជាបាននិងកំពុងទទួលនូវប្រយោជន៍ដ៏ធំធេងសម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ។
ក្នុងជំនួបនោះដែរ លោក កាវ អ៊ីនឡុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តកម្ពុជា ដែលបានគាំទ្រផលប្រយោជន៍ស្នូលរបស់ចិន និងគាំទ្រចិននៅលើឆាកអន្តរជាតិ ព្រមទាំងគាំទ្រដល់គំនិតផ្តួច ផ្តើមផ្លូវ និងខ្សែក្រវ៉ាត់។ ជាមួយគ្នានោះ លោកសង្ឈឹមថា ការផ្លាស់ប្តូររវាងព្រឹទ្ធសភាកម្ពុជា និងសភាប្រឹក្សានយោបាយប្រជាជនចិន រវាងសង្គមស៊ីវិល និងរវាងសហគ្រាសនៃប្រទេសទាំងពីរ កាន់តែត្រូវបានពង្រឹងពង្រីកឲ្យរឹងមាំ និងល្អប្រសើរថែមទៀត៕