ភ្នំពេញ៖ គារធនាគារ វីងថៅវើ ដែលជាសំណង់ស្ថាបត្យកម្មដ៏ល្អឯក និងជានិមិត្តរូប នៃភាពប៉ិនប្រសព្វ ក្នុងការច្នៃប្រឌិត បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅចំកណ្តាលនៃរាជធានីភ្នំពេញ នាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។
ជាមួយនឹងកម្ពស់រហូតដល់ ១២០ ម៉ែត្រ ស្ថិតនៅតាម មហាវិថីមមាញឹក (ព្រះមុនីវង្ស កែងផ្លូវកម្ពុជាក្រោម) អគារ ធនាគារ វីងថៅវើ គឺជាសក្ខីភាព ដែលបានបង្ហាញ ពីភាពរីកចម្រើន នៃវិស័យធនាគារឌីជីថល នៅក្នុងប្រទេសកម្ពុជា។
ក្នុងពិធីសម្ពោធជាផ្លូវការនេះ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធាន ក្រុមប្រឹក្សាភិបាលធនាគារ វីង មានប្រសាសន៍ថា “ការសម្ពោធបើកឲ្យដំណើរការអគារធនាគារ វីងថៅវើ នាឱកាសនេះ ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈរ ក្នុងការជំរុញវឌ្ឍនភាព និងការធ្វើបរិវត្តកម្មវិស័យធនាគារ នៅក្នុងប្រទេសកម្ពុជា”។
អ្នកឧកញ៉ា បានបន្តថា “សំណង់អគារដ៏លេចធ្លោនេះ បង្ហាញពីការយកចិត្តទុកដាក់របស់យើងខ្ញុំ ក្នុងការផ្តល់ដំណោះស្រាយ ធនាគារឌីជីថលដ៏ទំនើប សំដៅជំរុញបរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជាជួយសម្រួល ទៅដល់ប្រជាពលរដ្ឋគ្រប់រូប អាចទទួលបានឱកាសរីកចម្រើន ឆ្ពោះទៅមុខក្នុងយុគសម័យឌីជីថល” ។
ក្នុងនោះដែរលោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា “ការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការជួយលើកកម្ពស់បរិយាបន្ន និងភាពងាយស្រួលប្រើប្រាស់សេវាហិរញ្ញវត្ថុ បានជំរុញចក្ខុវិស័យរបស់យើង ឲ្យក្លាយជា ធនាគារ សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដោយផ្តល់លទ្ធភាពដល់អតិថិជនគ្រប់មជ្ឍដ្ឋាន ឲ្យទទួលបាននូវ ដំណោះស្រាយឌីជីថលដ៏ទំនើប ដែលការលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុ របស់ពួកគេ ឲ្យបានកាន់តែប្រសើរ” ។
អគារធនាគារ វីងថៅវើ ដែលប្រកបដោយ ភាពលេចធ្លោ ត្រូវបាន រចនាឡើងដោយមានការគិតគូរ ពីនិរន្តភាពនៅលើ ផ្ទៃអគារទាំងមូល។ អគារធនាគារ វីងថៅវើ ដែល មានកម្ពស់ ២៥ជាន់ ជាទីស្នាក់ការកណ្តាល របស់ធនាគារ វីង ជាទីមោទកភាព ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុ ឈានមុខគេមួយបានវិវត្តខ្លួន ពីក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ ទៅជាធនាគារពាណិជ្ជពេញលេញ។
បន្ថែមលើភាពទាក់ទាញទាំងនេះ អគារធនាគារ វីងថៅវើ ក៏មានមជ្ឈមណ្ឌលនវានុវត្តន៍ ដែលជាទីតាំងសម្រាប់ធនាគារ វីង បន្តនូវចក្ខុវិស័យ យ៉ាងសកម្មរបស់ខ្លួន ក្នុងការដឹកនាំបង្កើតនូវដំណោះស្រាយឌីជីថល សម្របតាមតម្រូវការប្រជាជនកម្ពុជាគ្រប់រូប។
ការគិតឆ្ពោះទៅមុខ ដើម្បីក្លាយជាធនាគារដែលមានការរួមបញ្ចូលគ្នារវាងសេវាធនាគារបែបប្រ ពៃណី និងសមត្ថភាពឌីជីថល របស់ ធនាគារ វីង បានបង្ហាញយ៉ាងច្បាស់នៅលើជញ្ជាំងអគារធនាគារ វីងថៅវើ។ តាមរយៈកម្មវិធី Wing Bank App ដ៏ទំនើបរបស់ខ្លួនដែលដំណើរការ ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត អតិថិជនអាចរីករាយ ជាមួយសេវាកម្មហិរញ្ញវត្ថុដ៏សំបូរបែប នៅលើចុងម្រាមដៃរបស់ពួកគេ បានយ៉ាងងាយស្រួល៕
















