ព័ត៌មានជាតិ

ពលរដ្ឋស្រុកគងពិសីប្រមាណ ៥០០នាក់ បានចូលរួមវេទិកាការងារនៅមូលដ្ឋាន និងចុះឈ្មោះស្វែងរកការងារធ្វើ

" "

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលស្រុកគងពិសី សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះ បានរៀបចំវេទិកាការងារនៅមូលដ្ឋានក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយនាំយកឱកាសការងារចំនួន ៤ ០០០ កន្លែងពី រោងចក្រ តារាល អីនធើនេសីនណល ឯក ដើម្បីផ្តល់ជូនយុវជន និងអ្នកកំពុងស្វែងរកការងារធ្វើ។

លោក គង សំណាង អភិបាលរងស្រុកគងពិសី បានលើកឡើងថា ស្រុកគងពិសីគឺជាស្រុកមួយ ដែលមានរោងចក្រកើនឡើងជារៀងរាល់ឆ្នាំ ហើយជាមួយនឹងការកើនឡើង នៅរោងកច្រសហគ្រាសនេះ តម្រូវការជ្រើសរើសកម្លាំងពលកម្មឱ្យ ចូលទៅបម្រើការងារក្នុងក្រុមហ៊ុនទាំងនោះ គឺជារឿងដែលមិនអាចមើលរំលងបាននោះទេ។ វេទិកាជ្រើសរើសបុគ្គលិកដល់មូលដ្ឋានបែបនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រពលរដ្ឋនៅមូលដ្ឋាន។ លោកបញ្ជាក់បន្តថា វេទិកាការងារនេះ រួមចំណែកកាត់បន្ថយអត្រា គ្មានការងារធ្វើនៅមូលដ្ឋាន ជួយបំពេញតម្រូវការដល់ប្រជាពលរដ្ឋ ដែលមានតម្រូវការស្វែងរកការងារជាចាំបាច់។

" "

កញ្ញា អ៊ុល សុគន្ធាមន្នីរ័ត្ន បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ មកពីភូមិខ្លូង ឃុំស្តុក ស្រុកគងពិសី លើកឡើងថា កញ្ញាពិតជាសប្បាយចិត្តណាស់ដែល ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានរៀបចំវេទិកាការងារថ្ងៃនេះឡើង ព្រោះបានជួយដល់ប្រជាពលរដ្ឋ នៅតាមទីជនបទឱ្យបានជួបជាមួយ នឹងក្រុមហ៊ុនដោយផ្ទាល់។ កញ្ញាសូមអរគុណចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែគិតគូពីសុខទុក្ខរបស់ ប្រជាពលរដ្ឋតាមរយៈការជួយស្វែងរក ការងារឱ្យដល់ប្រជាពលរដ្ឋធ្វើដល់មូលដ្ឋាន។

" "

សូមជម្រាបថាក្រៅពីផ្តល់ ឱកាសការងារភ្លាមៗនៅនឹងកន្លែង វេទិកាការងារនេះ ក៏មានការទទួលចុះឈ្មោះ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីចូលរៀនវគ្គបណ្តុះបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផងដែរ។

សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ឬចង់ចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦៧៨៦៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕

To Top