ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ចុះពិនិត្យការផ្តល់សេវា សុខាភិបាលជូនពលរដ្ឋ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ

ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃ២០ ធ្នូ បានអញ្ជើញចុះពិនិត្យការផ្តល់ សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ព្រមទាំងសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ (សាខាវត្តភ្នំ ទី១ ទី៤ និងទី៥)។

នាឱកាសនោះសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាល ថ្លែងអំណរគុណ និងកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាលនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលបានលះបង់ពេលវេលា កំលាំងកាយចិត្ត ចូលរួមចំណែកផ្តល់ សេវាសុខាភិបាលជាសារវ័ន្ត ក្នុងការបម្រើសេវាថែទាំសុខភាពជូនកុមារ ប្រកបដោយស្មារតីក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ជាពិសេសក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩។

ក្នុងការចុះពិនិត្យនេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្នើថ្នាក់ដឹកនាំ ជាពិសេសមន្រ្តីសុខាភិបាលត្រូវរៀបចំ កិច្ចប្រជុំពិភាក្សាជាបន្ទាន់ ជាមួយក្រុមគ្រូពេទ្យឯកទេស ឬក្រុមគ្រូពេទ្យពាក់ព័ន្ធ ក្នុងការស្វែងរករោគវិនិច្ឆ័យឱ្យបានទាន់ពេលវេលា ដើម្បីជួយសង្រ្គោះអាយុជីវិត អ្នកជំងឺឱ្យអស់ពីសមត្ថភាព និងលទ្ធភាព។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំមន្រ្តីសុខាភិបាល ត្រូវចូលរួមថែរក្សាសំណង់អគារ បរិក្ខារវេជ្ជសាស្រ្ត និងបន្តបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានជំនាញច្បាស់លាស់ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។

ឆ្លៀងក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើការកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសការសហការក្នុងការ ទំនាក់ទំនងឲ្យបានល្អរវាងបុគ្គលិកគ្រូពេទ្យ ជាមួយបុគ្គលិកគ្រូពេទ្យ និងអាណាព្យាបាលកុមារ ដែលជាអ្នកជំងឺមកទទួលសេវា។

រដ្ឋមន្រ្តី ក៏បានគាំទ្រផែនការដែលលើកឡើងដោយ លោកប្រធានមន្ទីរពេទ្យ និងផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖ បន្តកិច្ចសហប្រតិបត្តិការបច្ចេកទេស និងបង្រៀនជាមួយមន្ទីរពេទ្យកុមារ នៃសាកលវិទ្យាល័យទីក្រុងហ្សុយរិក ប្រទេសស្វីស និងដៃគូបច្ចេកទេសផ្សេងទៀត ។ អភិវឌ្ឍន៍សេវាព្យាបាលជំងឺដុំមហារីកកុមារ ។ ផ្តល់ប័ណ្ណ ប.ស.ស. ដល់បុគ្គលិកគ្រប់លំដាប់ថ្នាក់ឲ្យបានគ្រប់ៗគ្នា និងខិតខំរកឲ្យបានក្រមសីលធម៌វិជ្ជាជីវៈ និងគុណភាពថែទាំព្យាបាល។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើសុំមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍមន្ទីរពេទ្យ និងវិស័យសុខាភិបាលឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការសម្រេចបាន នូវការគ្របដណ្តប់សុខភាពជាសកល៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top