ភ្នំពេញ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា កាលពីថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ បានចុះហេត្ថលេខាជាកញ្ចប់ជាមួយ សកលវិទ្យាល័យដ៏ធំរបស់ប្រទេសចិន ដែលមានឈ្មោះថា ធានជីងស៊ីណូវិទ្យាសាស្រ្តអាល្លឺម៉ង់ រួមទាំងក្រុមហ៊ុនឯកជនចិនចំនួន៦ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។

លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានឱ្យដឹងថា ការចុះហេត្ថលេខានេះ នឹងអនុញ្ញាតឱ្យភាគីហត្ថលេខី ទទួលយកសិស្សដែលបញ្ចប់ការ សិក្សាបច្ចេកទេសឱ្យចូលហាត់ការ ទស្សនកិច្ចសិក្សា រួមទាំងការស្រាវជ្រាវបច្ចេកទេសទៅវិញទៅមក។
លោកបន្ថែមថា ការចុះហត្ថលេខារវាងវិទ្យាស្ថាន និងដៃគូរអភិវឌ្ឍទាំងអស់នៅពេលនេះ បានបង្ហាញពីការកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងវិទ្យាស្ថានជាតិជាមួយ បណ្តាក្រុមហ៊ុនឯកជនលើការបណ្តុះបណ្តាល ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងគោលបំណងពង្រឹងសមត្ថភាពជំនាញ បច្ចេកទេសដល់កូនសិស្ស ដែលបញ្ចប់ការសិក្សានៅវិទ្យាស្ថាន។

លោកបានគូសបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសនេះ ពុំមានមែនជាវិទ្យាស្ថានរកប្រាក់ចំណេញនោះទេ ដូច្នេះសិស្សដែលទទួលបានការបណ្តុះបណ្តាល ពីទីនេះត្រូវតែមានសមត្ថភាព គុណភាព ដើម្បីឆ្លើយតបទីនិងតម្រូវការទីផ្សារការងារ និងមានប្រាក់ចំណូលសមរម្យល្អ ដែលធ្វើឱ្យជីវិតប្រសើរឡើងបន្ទាប់ពី ទទួលបានការបណ្តុះបណ្តាល។

ក្នុងពិធីចុះហេត្ថលេខានេះ លោក Wang Hailong នាយកនៃសកលវិទ្យាល័យធានជីងស៊ីណូវិទ្យាសាស្រ្តអាល្លឺម៉ង់ បានលើកឡើងថា ការចុះហត្ថលេខាថ្ងៃនេះ គឺជាថ្ងៃមួយដែលមានសារសំខាន់ចំពោះ កិច្ចសហការលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរវាងសកលវិទ្យាល័យ និងវិទ្យាស្ថានជាតិពហុបច្ចេកទេស។ ទន្ទឹមនឹងនេះ លោក សង្ឃឹមថាកិច្ចសហប្រតិបត្តិការ រវាងសកលវិទ្យាល័យ និងវិទ្យាស្ថាននឹងកាន់តែល្អប្រសើឡើងថែមទៀត ៕



Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
