ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា អញ្ជើញជាអធិបតី បើកសន្និសីទជាតិ ការអប់រំ សម្រាប់វិជ្ជាជីវៈ សុខាភិបាល

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃ២១ ធ្នូ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និសីទជាតិ ស្តីពីការអប់រំ សម្រាប់វិជ្ជាជីវៈសុខាភិបាល ឆ្នាំ២០២៣ ក្រោមប្រធានបទ”បរិវត្តកម្មការអប់រំ វិជ្ជាជីវៈសុខាភិបាល” (Transforming Health Professional Education) ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២៣ ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងក្រុមការងារ នៃគម្រោងពង្រឹងប្រព័ន្ធអប់រំ មុនពេលបម្រើការងារ សម្រាប់មន្ត្រីសុខាភិបាល ដែលបានរៀបចំសន្និសីទនេះឡើង ដែលនឹងរួមចំណែកជួយដល់ស្ថាប័នអប់រំ ក្នុងវិស័យសុខាភិបាល បង្កើនការយល់ដឹងបន្ថែមទៀត ក្នុងការធ្វើកំណែទម្រង់ នៃការអប់រំវិជ្ជាជីវៈសុខាភិបាល ។ ក្នុងនោះក្រសួងសុខាភិបាល ក៏បានផ្តល់អាទិភាព ដល់ការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសការអប់រំ មុនពេលបម្រើការងារ សម្រាប់វិជ្ជាជីវៈសុខាភិបាលផងដែរ ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្ឃឹមយ៉ាងមុតមាំថា សន្និសីទជាតិនេះ នឹងបង្កើតវេទិកាជួបជុំ ដើម្បីផ្លាស់ប្តូរចំណេះដឹង និងចែករំលែកបទពិសោធន៍ ក៏ដូចជាការពិភាក្សារិះរកវិធី ធ្វើឲ្យប្រសើរឡើងសម្រាប់ការអប់រំវិជ្ជាជិវៈសុខាភិបាល ពីវាគ្មិនទាំងក្នុង និងក្រៅប្រទេស ក្នុងការធ្វើបច្ចុប្បន្នភាព លើគោលនយោបាយ សេចក្តីណែនាំ ក្របខណ្ឌ និងបទដ្ឋានគតិយុត្តិនានា ដែលទាក់ទងនិង ការអប់រំវិជ្ជាជីវៈសុខាភិបាល។

រដ្ឋមន្រ្តី បានគូសរំលេចដែលថា អង្គសិក្ខាសាលានេះ នឹងផ្តល់ឱកាសដល់អ្នកវិទ្យាសាស្ត្រដែលមានជំនាញអប់រំសុខាភិបាល សាស្ត្រាចារ្យ គ្រូបង្រៀន អ្នកស្រាវជ្រាវក្នុងជំនាញវិទ្យាសាស្ត្រសុខាភិបាល តាមរយៈការជម្រុញកិច្ចសហការ និងការពិភាក្សាគ្នាក្នុងចំណោមអ្នកវិទ្យាសាស្រ្ត ដែលមានវិជ្ជាជីវៈអប់រំ អ្នកស្រាវជ្រាវ អ្នកបម្រើសេវាសុខាភិបាល និងភាគីពាក់ព័ន្ធដែលនឹងជម្រុញ ឲ្យមានការកែលម្អជាបន្តបន្តាប់ នៅក្នុងវិស័យអប់រំវិជ្ជាជីវៈសុខាភិបាល។

ជាចុងក្រោយ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏ថ្លែងអំណរគុណដៃគូអភិវឌ្ឍន៍ទាំងអស់ ជាពិសេសធនាគារពិភពលោក, KfW ដែលបានជួយរួមចំណែកជួយគាំទ្រ និងឧបត្ថម្ភទាំងថវិកា និងបច្ចេកទេស ដល់ក្រសួងសុខាភិបាលសម្រាប់ការអប់រំ វិជ្ជាជីវៈសុខាភិបាល និងសូមជូនពរសិក្ខាកាមទាំងអស់ ទទួលបានសុខភាពល្អ និងជ័យជំនះគ្រប់ភារកិច្ច នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៤ ខាងមុខនេះ ៕

To Top