ព័ត៌មានជាតិ

សម្តេចធិបតី បញ្ជាឲ្យចាប់ខ្លួនអ្នកបើកបរណា បង្កគ្រោះថ្នាក់បុកមនុស្សស្លាប់ មិនបាច់សុំគោលការណ៍ទេ គឺចាប់តែម្ដង

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចេញបញ្ជាឲ្យអនុវត្តច្បាប់ ចំពោះអ្នកបើកបរទាំងឡាយណា បង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ ដោយមិនចាំបាច់សុំគោលការណ៍ទេ គឺចាប់តែម្ដង បើតវ៉ាចាប់វ៉ៃខ្នោះតែម្តង ។

នាឱកាសអញ្ជើញបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់សមត្ថកិច្ចថា បើមានករណីមានបទល្មើស ជាក់ស្ដែង ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមនុស្សស្លាប់ គឺសមត្ថកិច្ចត្រូវអនុវត្តច្បាប់ ឃាត់ខ្លួនជនល្មើសភ្លាម ។

សម្ដេចបានថ្លែងថា «កន្លងទៅអារឿងបុកមនុស្សស្អីៗ មិនចាំបាច់សុំគោលការណ៍ ខ្ញុំចេញបទបញ្ជា បើសិនជាមានបទល្មើសជាក់ស្ដែង ។ ឧបទាហរណ៍បើកឡានបុកគេស្លាប់ មិនចាំបាច់គោលការណ៍ គឺចាប់តែម្ដងទៅ បើតវ៉ាចាប់វ៉ៃខ្នោះទៅ»។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា សមត្ថកិច្ច មានខ្នងបង្អែក គឺនាយករដ្ឋមន្រ្តី ហើយអ្នកការពារពលរដ្ឋ ដែលជាជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ អ្នកបង្កត្រូវតែទទួលចំពោះមុខច្បាប់។

ការលើកឡើងរបស់សម្តេចនេះ បន្ទាប់ពីជនសង្ស័យ ឈ្មោះ ព្រហ្ម វិចិត្រសុសក្តា បានបង្កគ្រោះចរាចរណ៍បុកបុរសម្នាក់ស្លាប់ភ្លាមៗ កាលពីរាត្រីថ្ងៃ១៤ ធ្នូ ហើយរត់គេចខ្លួន ហើយលោកមេធាវី ព្រហ្ម វិចិត្រសភា និងលោកស្រី សុខ លីណា ត្រូវជាឪពុក-ម្តាយរបស់ជនសង្ស័យ ព្រហ្ម វិចិត្រសុសក្តា បានយកថវិកា១ពាន់ដុល្លារចូលបុណ្យសព ហើយប្រាប់ប្រពន្ធអ្នកស្លាប់ ឲ្យដកបណ្តឹងជាការបញ្ចប់រឿង ។ ករណីនេះធ្វើឲ្យមានការជជែក ផុសផុលពីអ្នកបណ្តាញសង្គម ៕

To Top