ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី បញ្ជាឲ្យបញ្ចប់ ការចេញអាជ្ញាបណ្ណ រុករករ៉ែថ្មី នៅតំបន់ព្រៃឡង់បន្តទៀត

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដល់ក្រសួងរ៉ែ និងថាមពល មិនត្រូវចេញអាជ្ញាបណ្ណបន្ថែមទៀត ដល់ការរុករករ៉ែ នៅតំបន់ព្រៃឡង់ទៀតឡើយ ។

ការប្រកាសដាក់បទបញ្ជា របស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារ បរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤” នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ ។

សម្តេចធិបតី មានប្រសាសន៍ថា “កាលពីដើមខែ១១នេះ ខ្ញុំបានឲ្យគោលការណ៍ ឯកភាពជាមួយសំណើ របស់ក្រសួងរ៉ែនិងថាមពល នៅតំបន់ព្រៃឡង់ គឺឈប់ចេញអាជ្ញាប័ណ្ណរុករករ៉ែបន្ថែមទៀត ទុកកន្លែងនឹង ។ អាជ្ញាប័ណ្ណថ្មីរករ៉ែនៅទីនោះ គឺយើងមិនចេញឲ្យទៀតទេ អាជ្ញាប័ណ្ណដែលមានស្រាប់ គឺបន្តធ្វើទៅ កន្លែងណាដែរហើយខិតខំសិក្សា នៅក្នុងការកាត់បន្ថយផ្ទៃដីដែលសិក្សា” ។

សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា “ពេលដែលយើងឲ្យអាជ្ញាប័ណ្ណមួយៗ ជួនកាលយើងឲ្យឧទាហរណ៍ថា ១០០ហិកតា ដំបូងដើម្បីគេយកមកសិក្សា សិក្សាក្រោយមក រកអត់អស់ទៅ ទម្រាំចូលទៅ ប្រហែលជាសល់តែ ៤-៥ហិចតា សម្រាប់ ជាកន្លែងគោលដៅ ចឹងឲ្យសិក្សាមើល អំពីការកំណត់ផ្ទៃ ដែលឲ្យសិក្សា កុំឲ្យវាធំពេក វាប៉ះពាល់ច្រើន ហើយរ៉ែដែលមានស្រាប់ ក៏មិនឲ្យពង្រីកបន្ថែមទៀត ទុកតំបន់ការពារ ហើយនេះគឺជាគោលការណ៍ ដែលយើងត្រូវធ្វើ” ។

គួរបញ្ជាក់ថា ព្រៃឡង់ មានទីតាំងស្ថិតនៅប៉ែកខាងលិចទន្លេមេគង្គ ។ ព្រៃនេះគ្រប់ដណ្តាប់ខេត្តចំនួន៣មានដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និងខេត្តកំពង់ធំ៕

To Top