ព័ត៌មានជាតិ

សម្ដេចធិបតី ៖ ឆ្នាំ២០២៩ កម្ពុជា នឹងស្វាគមន៍កប៉ាល់គ្រប់ប្រភេទ ចូលចតកំពង់ផែខ្មែរ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា នៅឆ្នាំ២០២៩ ខាងមុខនេះ កម្ពុជានឹងស្វាគមន៍កប៉ាល់គ្រប់ប្រភេទ ពីបណ្ដាប្រទេសនានា ឲ្យចូលចតកំពង់ផែរបស់កម្ពុជា។

នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ នាថ្ងៃទី២២ ធ្នូ សម្តេចធិបតីមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៩ នឹងមានការពង្រីកកំពង់ផែ ឲ្យមានជម្រៅទឹក រហូតដល់ជាង១៧ម៉ែត្រ ហើយទទួលកប៉ាល់បានរហូតដល់ ១៦ម៉ឺនតោន ដែលមកពី ប្រទេសអាមេរិក អឺរ៉ុប ជាដើម ។

សម្ដេចមានប្រសាសន៍ថា «ឆ្នាំ២០២៩ យើងនឹងធ្វើឲ្យផែរបស់យើង អាចស្វាគមន៍កប៉ាល់ គ្រប់ប្រភេទទាំងអស់ មកពីគ្រប់ប្រទេសទាំងអស់ ដឹកនាំទំនិញមកកម្ពុជា គឺស្វាគមន៍»។

លើសពីនេះ សម្តេចធិបតី ស្នើអនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ជួយសម្របសម្រួល ឲ្យមានកម្មវិធីផ្លាស់ប្ដូរ បទពិសោធន៍រវាងមន្រ្ដីកម្ពុជា និងជប៉ុនលើកិច្ចការងារ កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដើម្បីកម្ពុជាអាចទទួល បានបទពិសោធន៍បន្ថែមទៀត លើកិច្ចការងារសាងសង់ ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា៕

To Top