ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ឲ្យប្រើប្រាស់វិញ្ញាបនបត្រ បណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ ដែលមានដាក់ QR Code ស្តង់ដា ពុំតម្រូវឲ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លង និងអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវបាន តាមរយៈ «ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh»។
តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ និងក្រសួងប្រៃសណីយ៍ នាថ្ងៃទី២១ ធ្នូ បានឲ្យដឹងថា សិស្សានុសិស្សអាចប្រើវិញ្ញាបនបត្រនេះ ដើម្បីដាក់ពាក្យស្នើសុំចូលសិក្សា នៅគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដោយពុំតម្រូវឲ្យធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លង នៃវិញ្ញាបនបត្របណ្តោះអាសន្ន ក្នុងទម្រង់ជាក្រដាសឡើយ ហើយគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ អាចស្តេន QR Code ស្តង់ដា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃវិញ្ញាបនបត្រនេះ តាមរយៈ ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។
នេះជាលើកទី២ ដែល ក្រសួងអប់រំ និងក្រសួងប្រៃសណីយ៍ បានធ្វើកិច្ចសហប្រតិបត្តិការក្នុងការដាក់ឲ្យប្រើប្រាស់ វិញ្ញាបនបត្រ បណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ដែលមានដាក់ QR Code ស្តង់ដា។ កិច្ចសហប្រតិបត្តិការនេះ គឺជាការបន្តជំរុញការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលបានទូលំទូលាយ ដើម្បីការផ្តល់សេវាសាធារណៈ កាន់តែមានភាពងាយស្រួល ល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថល កម្ពុជា ២០២២-២០៣៥ និងមុំទី១ នៃបញ្ចកោណទី៥ របស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ៕