ព័ត៌មានជាតិ

ក្រសួងធនធានទឹក ប្រាប់ឱ្យប្រើប្រាស់ទឹក ដោយសន្សំសំចៃ ក្នុងកម្រិតខ្ពស់បំផុត

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង (ខែធ្នូ ឆ្នាំ២០២៣ ដល់ដើមខែឧសភា ឆ្នាំ២០២៤) ក្នុងនោះ ក្រសួងបានជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន សូមចូលរួមសហការថែរក្សា និងប្រើប្រាស់ទឹក ដោយសន្សំសំចៃ ក្នុងកម្រិតខ្ពស់បំផុត ជាពិសេសបណ្តាតំបន់ជនបទ ដាច់ស្រយាល នៅឆ្ងាយពីប្រភពទឹក។

យោងតាមសេចក្ដីជូនដំណឹង បានឱ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករស្ថានភាព អាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុ នៅក្នុងរដូវប្រាំងដូចខាងក្រោម៖

១-បាតុភូតសកល៖
យោងការតាមដានទៅលើការពិនិត្យសង្កេត និងព្យាករស្ថានភាពវិវត្តនៃសីតុណ្ហភាពលើផ្ទៃសមុទ្រ ប៉ាស៊ីហ្វិកក្បែរអេក្វាទ័របង្ហាញឱ្យឃើញថា៖
-បន្តដល់ខែមករា ឆ្នាំ២០២៤ បាតុភូតអែលនីញ៉ូ ១០០ភាគរយ
-នៅក្នុងខែកុម្ភៈ បាតុភូតអែលនីញ៉ូ ៩០ភាគរយ និងអែនសូ ១០ភាគរយ
-នៅក្នុងខែមីនា បាតុភូតអែលនីញ៉ូ ៧០ភាគរយ និងអែនសូ ៣០ភាគរយ
-នៅក្នុងខែមេសា បាតុភូតអែលនីញ៉ូ ៥០ភាគរយ និងអែនសូ ៥០ភាគរយ

២-រដូវប្រាំង៖

២-១ សីតុណ្ហភាព៖ ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ
-នៅក្នុងខែធ្នូ ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤ បណ្តាខេត្តនៅភាគខាងជើង ជាប់ក្បែរជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន នៅក្នុងថ្ងៃខ្លះសីតុណ្ហភាពអប្បបរមាធ្លាក់ចុះពី ១៦°C-១៨°C ។ ចំណែកឯ នៅបណ្តាខេត្តដ៏ទៃទៀត សីតុណ្ហភាពអប្បបរមា ១៩°C-២២ °C។
-ចាប់ពីខែកុម្ភៈ ដល់ដើមខែឧសភា អាកាសធាតុកើនកម្ដៅ ជាលំដាប់ នឹងក្តៅខ្លាំងនៅក្នុងខែមេសា ដល់ដើមខែឧសភា ជាមួយនឹងសីតុណ្ហភាពមធ្យម អតិបរមា ៣៨°C និងសីតុណ្ហភាពអតិបរមា នៅក្នុងថ្ងៃខ្លះអាចឡើងដល់ ៤១°C។

២-២. ទឹកភ្លៀង៖ តិចជាងមធ្យមភាគច្រើនឆ្នាំ
-ភ្លៀងកក់ខែធ្លាក់តិចជាងឆ្នាំ២០២៣ និងអាចមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតច្រើន។

យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន សូមចូលរួមសហការថែរក្សា និងប្រើប្រាស់ទឹក ដោយសន្សំសំចៃ ក្នុងកម្រិតខ្ពស់បំផុត ជាពិសេសបណ្តាតំបន់ជនបទ ដាច់ស្រយាល នៅឆ្ងាយពីប្រភពទឹក។

ជាមួយគ្នានោះ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានច្រើន ក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ៕

To Top