ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា មន្ត្រីកសិកម្មឃុំចំនួន ២៥០នាក់ បានជាប់ជាស្ថាពរ ដែលនឹងក្លាយជា ធនធានមនុស្សដ៏សំខាន់ ក្នុងការបម្រើប្រជាកសិករនៅមូលដ្ឋាន ក៏ដូចជាបម្រើជាតិ និងប្រជាជននៅក្នុងវិស័យកសិកម្ម ក្នុងការជំរុញនូវកំណើន សេដ្ឋកិច្ចមូលដ្ឋាន ។
តាមរយៈឆេណែល តេលេក្រាម នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវ បញ្ជីរាយនាមបេក្ខជន ប្រឡងជាប់ជាស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើស មន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ដោយភា្ជប់ខ្លឹមសារថា « នេះគឺជាសមិទ្ធផល នៃចក្ខុវិស័យ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលបានដាក់ចេញ ដើម្បីលើកកម្ពស់វិស័យកសិកម្ម និងកសាងសហគមន៍ កសិកម្មទំនើប ដោយធ្វើការរុញមន្ត្រី កសិកម្មដល់មូលដ្ឋាន ដើម្បីបំពេញសេចក្តីត្រូវការ និងបម្រើដល់ប្រជាកសិករ នៅតាមគោលដៅសក្តានុពល នៃសកម្មភាពកសិកម្ម ។
ជាលទ្ធផល មន្ត្រីកសិកម្មឃុំចំនួន ២៥០នាក់ បានជាប់ជាស្ថាពរ ដែលនឹងក្លាយជាធនធានមនុស្សដ៏សំខាន់ ក្នុងការបម្រើប្រជាកសិករនៅមូលដ្ឋាន ក៏ដូចជាបម្រើជាតិ និងប្រជាជននៅក្នុងវិស័យកសិកម្ម ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចមូលដ្ឋាន»។









