ភ្នំពេញ ៖ ចាប់ពីថ្ងៃដាក់ឱ្យអនុវត្ត ជាផ្លូវការការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយ រងហានិភ័យ ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ទទួលបានយុវជនក្រីក្រ មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈចំនួន ១៣០០នាក់ ។ នេះបើតាមការបញ្ជាក់របស់ លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា នៅថ្ងៃទី២០ ធ្នូ ២០២៣ នេះ ។
លោកបានគូសបញ្ជាក់ បន្ថែមថា ចំនួនដ៏ច្រើននេះគឺជាទំនួលខុសត្រូវ មួយបន្ថែមទៀតរបស់វិទ្យាស្ថាន ដើម្បីដើរឱ្យស្រប ទៅនិងកម្មវិធីបណ្តុះ បណ្តាលថ្នាក់ជាតិ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥ លាននាក់ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ។ ដោយឡែកវិទ្យាស្ថាន បានត្រៀមខ្លួនរួចជាស្រេច លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ ។
លោកបន្តថា៖ «សិស្សដែលរៀន វគ្ពបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅទីនេះ រៀនទាំងសៅរ៍ ទាំងអាទិត្យ ដោយឡែកយើងឃើញហើយ វិន័យតឹងរឹងណាស់នៅទីនេះ គឺដើម្បីពង្រឹងសមត្ថភាព និងវិន័យសិស្ស ។
វិទ្យាស្ថានជាពហុបច្ចេកទេស គឺជាកន្លែងបណ្តុះបណ្តាលមួយដ៏សំខាន់ នាពេលបច្ចុប្បន្ន សិស្សដែលបញ្ជប់ការសិក្សា នៅទីនេះមានឱកាសការងារល្អ និងមានសមត្ថិភាពខ្ពស់ឆ្លើយតប ទៅនិងតម្រូវការការងារនៅកម្ពុជាបច្ចប្បន្ន » ។
លោកបន្ថែមថា នៅពេលណាដែលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមួយមានគុណភាព សិស្សមានការងារធ្វើល្អ ប្រាក់ចំណូលសមរម្យ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាជំនាញ នោះសង្គមជាតិក៏រីកចំរើន សេដ្ឋកិច្ចល្អ ទៅមុខផងដែរ ។
ដូច្នេះហើយបានជាវិទ្យាស្ថាន ខិតខំធ្វើយ៉ាងណា ឱ្យវិទ្យាស្ថានជាតិពហុបច្ចេកទេសនេះ ដើរតួរនាទីសំខាន់លើការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ ។ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ពុំមែនជាស្ថាប័នរកប្រាក់ចំនូលនោះទេ ដូច្នេះគោលដៅតែមួយគត់គឺផ្តោតលើគុណភាព បណ្តុះបណ្តាល ។
បើតាម លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងកាលពីថ្ងៃទី១៥ ធ្នូ ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានយុវជនប្រមាណ ១៣ ៥៨៧ នាក់ បានមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនៅទូទាំងប្រទេស ។
ចាប់តាំងពីថ្ងៃនៃការដាក់ ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះ ក្រសួងការងារបានដុតដៃដុតជើង ផ្សព្វផ្សាយព័ត៌មាន ចាត់ក្រុមការងារថ្នាក់ក្រសួង ចុះមូលដ្ឋានធ្វើយ៉ាងណាគៀងគយុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះឱ្យបានផុសផុល ។
គូរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានដាក់ឱ្យ អនុវត្តន៍ជាផ្លូវការនូវ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥ លាននាក់ ៕