ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាកម្លាំងជួយអន្តរាគមន៍ពន្លត់អគ្គិភ័យ នៅអគារមួយកន្លែង ក្នុងសង្កាត់ទន្លេបាសាក់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣បានអញ្ជើញត្រួតពិនិត្យ និងដឹកនាំបញ្ជាកម្លាំងបង្ការពន្លត់អគ្គិភ័យជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនៅអគារមួយកន្លែង ក្នុងសង្កាត់ទន្លេបាសាក់ដែលរងការឆាបឆេះនៅខណ្ឌចំការមន រយៈពេល២យប់៣ថ្ងៃមកហើយ។

ការចុះពិនិត្យក៏មានការចូលរួមពីលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញផងដែរ។

គិតមកដល់ថ្ងៃ២២ ធ្នូនេះ ការឆេះអគារនេះមិនបានរាលដាលទៅដល់កន្លែងផ្សេងនោះ ទោះបីជាការចូលសង្រ្គោះមានបញ្ហាប្រឈមខ្លាំងនៅក្នុងអគារផ្លូវចូលមានភាពចង្អៀតធ្វើឲ្យលំបាកដល់កងកម្លាំងចូលទៅអន្តរាគមន៍សង្រ្គោះអស់រយៈពេល៣ថ្ងៃមកនេះក៏ដោយ ប៉ុន្តែការជួយសង្រ្គោះមកដល់រសៀលថ្ងៃ២២ ធ្នូនេះគេឃើញការគ្រប់គ្រងអគ្គិភ័យបាននិងបង្កើនការទប់ស្កាត់មិនបង្ករាលដាលឆាបឆេះទៅកន្លែងផ្សេង ដោយមានការប្រើប្រាស់គ្រឿងចក្រស្ទូចវាយបុកទម្លាយជញ្ជាំងអគារ ជាមួយការប្រើប្រាស់រថយន្តទឹកបានបាញ់ទឹកពន្លត់នៅជាន់ទី៤។

ប្រតិបត្តិការសង្រ្គោះអគ្គិភ័យ មានការចូលរួមសហការពីកងកម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ និងក្រុមជួយសង្រ្គោះនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រុមជួយសង្រ្គោះនាយកដ្ឋានបង្ការពន្លត់អគ្គីភ័យ និងក្រុមការងារពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៩និង៣០នាទីព្រឹក ។ ពាក់ព័ន្ធបញ្ហាអគ្គិភ័យនេះ សមត្ថកិច្ចមិនដឹងមូលហេតុនៅឡើយនោះទេ កំពុងធ្វើការស្រាវជ្រាវ៕

To Top