ព័ត៌មានជាតិ

ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំចាស់ ២០២៣ និងលើកទិសដៅ អនុវត្ត ឆ្នាំ២០២៤

ភ្នំពេញ ៖ ប៊ែលធី គ្រុប រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំ សន្និបាតបូក សរុបលទ្ធផល ការងារឆ្នាំចាស់ ២០២៣ និងលើកទិសដៅ អនុវត្តឆ្នាំ២០២៤ ដែលមានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ ចូលរួមចំនួន ៣,៧៩៣នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ) ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកស្រី ។

លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានឱ្យដឹងថា បច្ចុប្បន្ន ប៊ែលធី គ្រុប មានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូបម្រើការ ៣,៧៩៣នាក់ សិស្ស-និស្សិតកំពុងសិក្សា ៦៣,៣២៦នាក់ និងមាន ៣១ទីតាំង ក្នុងនោះ ២៩ទីតាំងជាសាលា និង២ទីតាំង ជាសាកលវិទ្យាល័យ ។ ប៊ែលធី គ្រុប មានបម្រើសេវាកម្ម ៣ធំៗ ដូចជា I. ប៊ែលធីសំណង់ II. ប៊ែលធីទេសចរណ៍ និង III. ប៊ែលធីអប់រំ ដែលចែកចេញជា ៤ផ្នែកគឺ ១-សាលា ប៊ែលធី អន្តរជាតិ ២-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ៣-ប៊ែលធី ទំនាក់ទំនងអន្តរជាតិ និង ៤-មជ្ឈមណ្ឌលតេស្តអន្តរជាតិ ព្រមទាំងមាន មូលនិធិសប្បុរសធម៌ ប៊ែលធី ផងដែរ ។

ក្នុងឆ្នាំ២០២៣ ប៊ែលធី គ្រុប សម្រេចបាននូវសមិទ្ធផលធំៗ ដូចជា ៖
I.ប៊ែលធីសំណង់ បានសាងសង់អគារប៊ែលធីទី២៥-២៦ និងកំពុងសាងសង់អគារប៊ែលធីទី២៧-២៨-២៩ និងស្នាក់ការកណ្តាលប៊ែលធី គ្រុប
II.ប៊ែលធីទេសចរណ៍ មានរថយន្តទំនើបៗ ១៦គ្រឿង ក្នុងនោះ ៤៥កៅអី =១២គ្រឿង, ២៥កៅអី =២គ្រឿង, ១៥កៅអី =២គ្រឿង សម្រាប់ដឹកសិស្ស-និស្សិត និងភ្ញៀវទៅទស្សនានៅតំបន់នានា ទូទាំងប្រទេស ។
III.សាលា ប៊ែលធី អន្តរជាតិ សិស្សបញ្ចប់ការសិក្សា និងប្រឡងជាប់ជាស្ថាពរ ២៨,២៦៦នាក់ ក្នុងនោះបានចែកចេញជា ៖
-សិស្សចំណេះទូទៅ (ថ្នាក់ទី១២) ចំនួន ១៨,៩៣៥នាក់ ជាប់ ១៦,៥១២នាក់ ស្មើនឹង ៨៧.២% និទ្ទេស A ចំនួន ៣៩៧នាក់
-សិស្សភាសាអង់គ្លេសកម្រិត១២ (Level 12) ចំនួន ១១,៧៥៤នាក់ បានពិន្ទុតេស្តអន្តរជាតិ អាយអិល (IELTS) ៥.០ឡើង ៨,៨១៦នាក់ ស្មើនឹង ៧៥%
IV.សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និស្សិតបញ្ចប់ការសិក្សា ទាំងកម្មវិធីសិក្សាជាភាសាជាតិ និងកម្មវិធីសិក្សាអន្តរជាតិ ចំនួន ៣,៣៦៣នាក់ ក្នុងនោះ ថ្នាក់គរុកោសល្យ ៦៩៧នាក់ បរិញ្ញាបត្ររង ៣៥០នាក់ បរិញ្ញាបត្រ ២,២៧៥នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ៣៣៤នាក់ និងថ្នាក់បណ្ឌិត ៧នាក់ ។
V.ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បញ្ជូនសិស្ស-និស្សិតទៅក្រៅប្រទេស ចំនួន ១,៣១១នាក់ ក្នុងនោះសិស្ស-និស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ១៤១នាក់ សិស្ស-និស្សិតបង់ថ្លៃ ៥៨នាក់ និងសិស្ស-និស្សិត ធ្វើទស្សនកិច្ចសិក្សា ១,១១២នាក់ ។
VI.មជ្ឈមណ្ឌលតេស្តអន្តរជាតិ ប៊ែលធី បានទទួលសិទ្ធិរៀបចំតេស្តអន្តរជាតិធំៗ ៤ ៖ ១-តេស្តថូហ្វល (TOEFL) ពីអាមេរិក, ២-តេស្តអាយអ៊ែល (IELTS) ពីអង់គ្លេស, ៣-តេស្ត GRE (ជីអអ៊ី) ពីអាមេរិក និង ៤-តេស្ត SELT (អេស-អ៊ី-អែល-ធី) ពីអង់គ្លេស និងមានសិស្ស-និស្សិតចូលរួមប្រឡង ១,៦២៦នាក់។

ទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៤
ឆ្នាំ២០២៤នេះ ប៊ែលធី គ្រុប បានសម្រេចដាក់ចេញ នូវផែនការយុទ្ធសាស្ត្រ រួមមាន ៖
១-ពង្រឹងរចនាសម្ព័ន្ធ ដែលមានស្រាប់ និងយន្តការគ្រប់គ្រងឱ្យបាន កាន់តែល្អប្រសើរបន្ថែមទៀត
២-ថ្នាក់ដឹកនាំ និងបុគ្គលិក ត្រូវស្គាល់ខ្លួនឯង (Who am I?) និងស្គាល់ពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ទៅតាមការចាត់តាំង របស់ថ្នាក់លើ
៣-ពង្រឹងការគោរពបទបញ្ជាផ្ទៃក្នុង និង ច្បាប់រដ្ឋជាធរមាន ឱ្យបានកាន់តែល្អប្រសើរ និងកែសម្រូលបទបញ្ជាផ្ទៃក្នុងមួយចំនួន ដើម្បីឱ្យស្រប តាមការរីកចម្រើន របស់ក្រុមហ៊ុន និងការអភិវឌ្ឍរបស់ប្រទេសជាតិ
៤-ពង្រឹងវិន័យសិស្ស និស្សិតនៅគ្រប់កម្រិត និងបង្កើនទំនាក់ទំនងល្អ ជាមួយមាតាបិតា អាណាព្យាបាលសិស្ស និស្សិត
៥-បន្តអភិវឌ្ឍប្រព័ន្ធគ្រប់គ្រង (Management System) គ្រប់ផ្នែកនៃប៊ែលធី គ្រុប ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត
៦-ពង្រឹងការងារគ្រប់គ្រងចំណូល -ចំណាយ ឱ្យបានកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់
៧-ពង្រឹងយន្តការត្រួតពិនិត្យ តាមដានការអនុវត្តសេចក្តីសម្រេច សេចក្តីណែនាំ និងគោលការណ៍នានារបស់ប៊ែលធី គ្រុប ដែលបានដាក់ចុះ ឱ្យបានកាន់តែមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់
៨-បើកវគ្គបំប៉នគរុកោសល្យបង្រៀន ជូនដល់សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូនៅគ្រប់កម្រិត និងគ្រប់ផ្នែក ដើម្បីបង្កើនសមត្ថភាព និងចំណេះដឹងថ្មី សម្រាប់ការបង្រៀន ឱ្យទាន់សម័យឌីជីថល
៩-អភិវឌ្ឍកម្មវិធីសិក្សាជាប្រចាំ ដើម្បីដើរឱ្យទាន់ទីផ្សារការងារ ការវិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងការរីកចម្រើនរបស់ប្រទេសជាតិ និងពិភពលោក
១០-បើកថ្នាក់បំប៉នមុខវិជ្ជាសំខាន់ៗ ជូនសិស្សថ្នាក់ទី១២ ដែលត្រូវប្រឡងបាក់ឌុប និងធ្វើយ៉ាងណាឱ្យជាប់ចាប់ពី ៨៨%-៩៣% និងសិស្សភាសាអង់គ្លេសកម្រិត១២ (Level 12) ត្រូវបានពិន្ទុតេស្តអន្តរជាតិអាយអែល (IELTS) យ៉ាងតិច ៥.០ឡើង ចាប់ពី ៨០% ឡើងទៅ
១១-ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយដៃគូ ដែលបានចុះអនុស្សារណយោគយល់ (MoU) រួចហើយទាំង ១៨ប្រទេស និង ៨០សាកលវិទ្យាល័យ នៅលើពិភពលោកឱ្យបានល្អប្រសើរ និងបន្តរៀបចំសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី (BELTEI International Collaboration Conference – BICC) លើកទី៨ នៅខែមិថុនា ឆ្នាំ២០២៤ ខាងមុននេះ ដើម្បីផ្តល់ឱកាសឱ្យសិស្ស-និស្សិតប៊ែលធី ក៏ដូចជាសិស្ស-និស្សិតទូទាំងប្រទេសទៅសិក្សានៅក្រៅប្រទេស តាមរយៈប៊ែលធី ទំនាក់ទំនងអន្តរជាតិ
១២-អភិវឌ្ឍជាប្រចាំនូវបច្ចេកវិទ្យា ប្រព័ន្ធឌីជីថល និង Media ដែលមានស្រាប់ ជាពិសេស Mobile App របស់សាលា ប៊ែលធី អន្តរជាតិ (BELTEI IS App) និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (BELTEI IU App) វែបសាយ ហ្វេសប៊ុក ព្រមទាំងបណ្តាញសង្គមផ្សេងៗ ដើម្បីជាជំនួយក្នុងការសិក្សាបន្ថែម និងសម្រាប់អ្នកដែលចង់ឈ្វេងយល់អំពីប៊ែលធី គ្រុប ក៏ដូចជាអ្នកដែលចង់សិក្សាទាំងភាសាខ្មែរ និងអង់គ្លេសតាមកម្មវិធីក្រសួងអប់រំ ពីគ្រប់ទីកន្លែងទាំងក្នុងប្រទេស និងក្រៅប្រទេស ។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធី គ្រុប បានថ្លែងកោតសរសើរ ចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូ គ្រប់ផ្នែកទាំងអស់ នៃប៊ែលធី គ្រុប ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន ដោយអនុវត្តបានតាមគោលការណ៍ និងសេចក្តីសម្រេចនានា របស់ថ្នាក់លើដែលបានដាក់ចុះ និងអនុវត្តបានយ៉ាងហ្មត់ចត់នូវបទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋានផ្សេងៗ ព្រមទាំងរក្សាបាន នូវវិន័យ និងសេចក្តីថ្លៃថ្នូរគួរជាទីមោទនក្រៃលែង ។

ជាទីបញ្ចប់ លោកបណ្ឌិត និងលោកស្រី បានប្រគល់លិខិតតែងតាំងជូនដល់ថ្នាក់ដឹកនាំ នៃប៊ែលធីគ្រុប និងពានរង្វាន់ការងារ ប័ណ្ណអាហា-រូបករណ៍ ១០០% និងរង្វាន់លើកទឹកចិត្ត ជូនដល់បុគ្គលិកបម្រើការងារ ១០ឆ្នាំ សរុបចំនួន ៤០៦នាក់ នាពេលនោះផងដែរ ៕

To Top