ព័ត៌មានជាតិ

ព្រះសង្ឃដុតសំរាម រាលដាល ឆេះរោងដាក់ឈើ ផ្អើលទាំងយប់ នៅវត្តស្វាយចេកចាស់ ស្រុករំដួល ខេត្តស្វាយរៀង

ស្វាយរៀង ៖ មានករណីអគ្គីភ័យមួយបានកើតឡើង បណ្តាលមក ពីព្រះសង្ឃប្រមូលសំរាមដុតជាភ្នក់ភ្លើង ឆាបឆេះរាលដាល ដល់រោងដាក់ឈើមួយកន្លែង នៅក្នុងវត្តស្វាយចេកចាស់ ផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍ជួយបាញ់ទឹកអស់រយៈ ពេលជិត៨ម៉ោង ទើបគ្រប់គ្រងបានរលត់ទាំងស្រុង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ជាងយប់ ថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២៣ ស្ថិតនៅភូមិស្វាយចេក ឃុំ ស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុនៅម៉ោង៦ជាងយប់ព្រះសង្ឃគង់ ក្នុងវត្ត បានប្រមូលសំរាមដុតជាភ្នក់ភ្លើង ហើយដល់ម៉ោង ប្រមាណ៧-៨យប់ព្រះសង្ឃក៏បានឡើងទៅសឹងលើកុដិបាត់ទៅ ។ លុះដល់ម៉ោង១០យប់ជាង ស្រាប់តែលឺសំឡេង បង្កការភ្ញាក់ផ្អើល ព្រះសង្ឃក្នុងវត្តកំពុងសឹង ឡើងមកជួយពន្លត់ តែភ្លើងមិនអាចពន្លត់ បានក៏រាយការណ៍មកសមត្ថកិច្ច ជួយអន្តរាគមន៍ ប្រើរថយនត្តពន្លត់អគ្គីភ័យ បាញ់ទឹកទើបគ្រប់គ្រងបាន ១០០ភាគរយ ។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងចុះអន្តរាគមន៍ជួយបាញ់ទឹកពន្លត់អគ្គីភ័យនេះ ចាប់ពីម៉ោង១០ជាងយប់ថ្ងៃទី២៣ ដល់ម៉ោង ៥និង១៤នាទីទៀបភ្លឺ ទើបរលត់អស់គ្រប់គ្រង ស្ថានភាពបាន ក្នុងនោះប្រើប្រាស់ទឹកពន្លត់អគ្គីភ័យអស់ប្រមាណជាង២០រថយន្ត។ រថយន្តពន្លត់អគ្គីភ័យមកជួយបាញ់ទឹកពន្លត់នេះ គឺមកពីតាមបណ្តា ស្រុកក្រុងក្នុងខេត្តស្វាយរៀង ដែលរួម មានកម្លាំងនគរបាល និងអាវុធហត្ថ ។

សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះគំនរឈើ ដែលឆេះនោះគេពុំទាន់ដឹងថាខូចខាតអស់ប៉ុន្មាននៅឡើយទេព្រោះសមត្ថកិច្ចកំពុងធ្វើការ ហើយក្នុងហេតុការណ៍នេះ មិនបង្កឲ្យរាលដាលឆេះដល់កុដិ ឬសមិទ្ធផលផ្សេងៗក្នុងវត្តនោះទេ គ្រាន់តែឆេះរោងដាក់ឈើ ដែលលោកទុកប្រើប្រាស់ គឺឆេះអស់ស្ទើទាំងស្រុងតែម្តង៕យាង ដានុត

To Top