ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានការងារ និងអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានបន្តចុះផ្សព្វផ្សាយកម្មវិធីថ្នាក់ជាតិ ស្តីពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជន មកពីគ្រួសារក្រីក្រចំនួន ១.៥លាននាក់ ដល់តំណាងសហជីពមូលដ្ឋានមកពី បណ្តារោងចក្ររាជធានីខេត្តចំនួន៣៥០រូប។

លោក អ៊ូ រតនា អគ្គនាយករងនៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា កម្មវិធីជួបជុំនេះ គឺធ្វើឡើងដើម្បីបន្តផ្សព្វផ្សាយស្តីពី កម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រចំនួន ១.៥លាន ដើម្បីផ្តល់ជំនាញជាក់លាក់ក្នុងរយៈពេលខ្លី និងឆាប់ទទួលបានការងារសមរម្យ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។
ក្នុងនោះ ក្រោយបានស្តាប់ពីអត្ថប្រយោជន៍ នៃគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល តំណាងសហជីពមូលដ្ឋានទាំង ៣៥០បានសម្តែងក្តីរំភើប និងសន្យាបន្តផ្សព្វផ្សាយដល់ក្រុមគោលដៅ ក៏ដូចជាផ្សព្វផ្សាយដល់កម្មករនិយោជិតឱ្យបានដឹង និងអាចត្រៀមខ្លួនដើម្បីបង្កើន និងពង្រឹងសមត្ថភាពជំនាញផងដែរ។

ក្រៅពីនេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបង្ហាញពីចក្ខុវិស័យរួមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជុំវិញ លើការពង្រឹងនិងកសាងសមត្ថភាព សហជីពដើម្បីចូលរួមក្នុងការលើកកម្ពស់ ទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដែលជាកិច្ចការអាទិភាពក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលចង់ឃើញភាពប្រសើរឡើងជាលំដាប់ របស់កម្មករនិយោជិតដែលជា ចំណែកដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិ៕
