ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តឲ្យមន្ត្រីរួមគ្នាអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧សំដៅជំរុញការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា « យើងនឹងរួមគ្នាធ្វើការកំណត់ទិសដៅ ការងារក្នុងឆ្នាំ ២០២៤ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សំដៅជំរុញការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ច ឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០» ។

លោកអភិបាលខេត្តបានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ចាម ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារប្រចាំឆ្នាំ ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ឆ្នាំ២០២៣ គឺជាឆ្នាំទី៥ នៃការអនុវត្តកម្មវិធីកំណែទម្រង់ ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និង បន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងជាឆ្នាំដំបូងនៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧នៃរដ្ឋសភាផងដែរ។

លោកអភិបាលខេត្តបន្តថា អង្គសន្និបាតរបស់យើងនាពេលនេះ គឺជាឱកាសដ៏សមស្របសម្រាប់យើងទាំងអស់គ្នា រួមគ្នាធ្វើការវាយតម្លៃអំពីលទ្ធផលការងារ ដែលបានអនុវត្តកន្លងមក ដោយឈរលើមូលដ្ឋាននៃការវាយតម្លៃ បានត្រឹមត្រូវគ្រប់ជ្រុងជ្រោយលើសមិទ្ធផល បទពិសោធន៍ដែលទទួលបាន បញ្ហាប្រឈម និងដំណោះស្រាយដែលនៅសេសសស់ យើងនឹងរួមគ្នាធ្វើការកំណត់ទិសដៅ ការងារក្នុងឆ្នាំ២០២៤ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សំដៅជំរុញការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ច ឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់តាមគោលដៅអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់យកនូវអាទិភាពគន្លឹះចំនួន៥ គឺ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។

លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ រដ្ឋបាលខេត្ត បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងបានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។ជាមួយគ្នានេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ បានរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព ដោយបានជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ទន្ទឹមនឹងនេះ ភាពជោគជ័យដែលកម្ពុជាយើង ក្នុងរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានធ្វើឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែត្រូវបានលើកកម្ពស់នៅលើឆាកអន្តរជាតិផងដែរ ៕

To Top